មេ​ប៉ុស្តិ៍​ប៉ូលិស​រំលោភ​យក​ដី​អ្នកស្រុក ត្រូវ​បាន​បញ្ឈរជើង

ប្រភព ៖ កោះសន្តិភាព

ខេត្តកំពង់ស្ពឺ ៖ លោក ង៉ែត ចាន់​ដា ហៅ​ឡុ​ង ហ៊ី​ម ដែល​ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ភា​រី​មាន​ជ័យ ត្រូវ​បាន​ថ្នាក់លើ​បញ្ជា​តាម​ឋានានុក្រម​ឱ្យ​ដក​បញ្ឈរជើង បន្ទាប់​ពី​នាយ​ប៉ុស្តិ៍​រូប​នោះ ព្យាយាម​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​ម្តង​ហើយ​ម្តងទៀត​។

តាម​សម្តី​របស់​មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​ពិត​នាយ​ប៉ុស្តិ៍​នគរបាល​ត្រូវ​បាន​យក​ទៅ​បញ្ឈរជើង​នៅ​ស្នង បន្ត​ការ​អាន

Advertisements

ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់​ធ្វើការ​តវ៉ា​ង​សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហាដីធ្លី​

ដោយ​៖ ភ្នំពេញថ្មី, 25 សីហា 15

​ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់ តំណាង​៣៤៨​គ្រួសារ​បានមក​ធ្វើការ​តវ៉ា​ង​សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ដី​ដែល​មេទាហាន​រំលោភ​ជូន​ប្រជាពលរដ្ឋ​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ ។

ឈ្មោះ ប៉ៅ យ៉​ន តំណាង​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា ប្រជាពលរដ្ឋ​ចំនួន​៣​ក្រុម​បានមក​ធ្វើការ​តវ៉ា ដោយ​ក្នុងនោះ​ក្រុមទី​១​មាន​ចំនួន​១៦៥​គ្រួសារ ក្រុមទី​២​មាន​ចំនួន​១២៨​គ្រួសារ និង​ក្រុមទី​៣​មាន​ចំនួន​៥៥​គ្រួសារ​មកពី ៩​ភូមិ​ក្នុង​ឃុំ​សំរោង ស្រុក​អូរជ្រៅ បានមក​ធ្វើ​ការតវ៉ា ខណៈដែល​ត្រូវ​ទាហាន​រំលោភ​យក​ដី​អស់​ចំនួន ៤២០០​ហិកតា​តាំងពី​ឆ្នាំ​១៩៩៣ មកម្ល៉េះ ។

ក្នុងនោះ​ឈ្មោះ សាំង សារី តំណាង​ប្រជាពលរដ្ឋ​មួយរូប​ទៀត​បាន​បញ្ជាក់ថា ដីស្រែ​ចំនួន ៤២០០​ហិកតា​ត្រួវបាន​លោក កុយ ចាន់​មុន្នី ជា​អតីត​មេទាហាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ និង​បក្ខពួក​បាន​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​ទាំង​៩​ភូមិ​កាលពី​សម័យ​សង្គ្រាម​រវាង​ទ័ពព្រៃ និង​ទ័ព​រដ្ឋាភិបាល ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ទៅធ្វើ​អ្វី​លើដី​ស្រែ​នោះ ហើយក៏​ត្រូវបាន​មេទាហាន​រូបនោះ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​តែម្ដង បន្ទាប់មក​ក៏បាន​លក់​ដី​នោះ​ឲ្យ​ឈ្មួញ​ដូចជា ១.​ឈ្មោះ យឹម ពិ​សិទ្ធ ២.​ឈ្មោះ អោម ថេ​ង ៣.​ឈ្មោះ ច​យ វ៉ាត ៤.​ឈ្មោះ ឃួន គា ៥.​ឈ្មោះ ថាច់ សម្បត្តិ ៦.​ឈ្មោះ យល់ សំណាង ៧.​ឈ្មោះ ឃុន គិ​ម​ហ៊ាន ៨.​ឈ្មោះ ប៉ុក ឡាយ​ជី​៩.​ឈ្មោះ ស្ងា រ៉ុ​ម​១០.​ស្ងា រោល ១១.​ឈ្មោះ ឈឿ​ក លៀង ១២.​ឈ្មោះ ផង់ ភឿ​យ ១៣.​ឈ្មោះ ជា លន់ ១៤.​ឈ្មោះ ខ្វង គង់ ១៥.​ឈ្មោះ សៅ គ្រី ១៦.​ឈ្មោះ ជិន ជឿន ១៧.​ឈ្មោះ ងួន គឹម​លេង ១៨.​ឈ្មោះ យិន ពិ​សិទ្ធ ១៩.​ឈ្មោះ ឌួង វណ្ឌ​ឌី ២០.​ឈ្មោះ ប៉ក់ ជន ២១.​ឈ្មោះ គឹម ណន ហើយ​ឈ្មួញ​ទាំង ២១​នាក់​នេះ​ជាម​ន្ត្រី និង​កម្លាំងយោធា​ដែល​រស់នៅ​ខេត្តបន្ទាយមានជ័យ ។

តំណាង​ប្រជាពលរដ្ឋ​រូបនោះ​បានបញ្ជាក់​ទៀតថា ក្រោយ​ពេលដែល​ឈ្មោះ កុយ ចាន់​មុន្នី រំលោភ​យក​ដី​លក់​ឲ្យ​ឈ្មួញ​រួច​ហើយក៏​ត្រូវបាន​ដោះស្រាយ​បែងចែក​រវាង​ឈ្មួញ និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ចំនួន​៥០​ភាគរយ​ម្នាក់​កាលពី​ឆ្នាំ​២០០៥ ហើយ​ការបែងចែក​នេះ​គឺ​គ្មាន​ប្រសិទ្ធិភាព​ឡើយ ហើយ​នៅពេលដែល​ប្រជាពលរដ្ឋ​ទៅធ្វើ​លើដី​នោះ​ក៏ត្រូវ​បាន​ឈ្មួញ​ប្តឹងទៅ​តុលាការ​ឲ្យ​ចាប់ខ្លួន​តំណាង​ប្រជាពលរដ្ឋ ២​នាក់ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ដោះលែង​មកវិញ ហើយ​ក្រោយមកទៀត​ក្រុម​ឈ្មួញ​ទាំងនោះ​ក៏បាន​បាញ់​គម្រាម​ប្រជាពលរដ្ឋ​ថែម​ទៀតផង ហេតុដូចនេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​នាំគ្នា​មក​ធ្វើ​ការតវ៉ា​សុំ​ឲ្យ​អភិបាលខេត្ត​បន្ទាយមានជ័យ​ដោះស្រាយ និង​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ផងដែរ ។

ក្រោយពេល​មានការ​តវ៉ា​នៅមុខ​សាលាខេត្ត​លោក ចុង ផែត អភិបាលរង​ខេត្ត ​និង​លោក លី សារី អភិបាលរង​ខេត្ត​បាន​កោះហៅ​តំណាង​ទាំងនោះ​មកជួប​ប្រជុំ​ដើម្បី​ដោះស្រាយ​ដោយ​ឲ្យ​មន្ត្រី​គណៈកម្មការ​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ដោះស្រាយ​ជូន ៕

art16.1

art16.2

ខ្មែរ | ព័ត៌មាន​ថ្មីៗ | ដីធ្លី រដ្ឋមន្ត្រី​ព្រមាន​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ​ឲ្យ​អនុវត្ត​ការពារ​ដី​អនុក្រឹត្យ​តំបន់​ក្បាល​ឆាយ

ប្រភព៖ វិទ្យុអាសុីសេរី ,ដោយ ដែន អយុធ្យា,2015-08-19
មន្រ្តីក្រសួងខេត្តកែប

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន ក្នុង​កិច្ច​ប្រជុំ​ពង្រឹង​ការ​អនុវត្ត​អនុក្រឹត្យ​លេខ​៧៦ ស្ដីពី​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ព្រែក​ទឹក​សាប នៅ​តំបន់​ក្បាល​ឆាយ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Den Ayuthyea

សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​អនុក្រឹត្យ​លេខ​៧៦ រក្សា​ប្រភព​ទឹក​ស្អាត អាច​ធ្វើ​សកម្មភាព​ពុះ​ច្រៀក​ជា​ឡូ​លក់​ដូរ​បន្ត និង​កាប់​ទន្ទ្រាន​ហ៊ុមព័ទ្ធ​របង​ធ្វើ​កម្មសិទ្ធិ​អនាធិបតេយ្យ។

សារ​ព្រមាន​នេះ ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​នា​ខេត្ត​ទេសចរណ៍​មួយ​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី វែក​រក​មុខ​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​ទាំង​នេះ​យក​ទៅ​ផ្ដន្ទាទោស ព្រោះ​បទល្មើស​នេះ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ និង​មាន​មន្ត្រី​ខ្លះ កំពុង​មាន​តួនាទី​នៅ​ថ្នាក់​ខេត្ត​ព្រះសីហនុ ក៏​មាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នេះ​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន ព្រមាន​ទៅ​មន្ត្រី​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ពិសេស​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​នេះ អំពី​កំហុស​ឆ្គង​ដែល​គ្មាន​សមត្ថភាព​ការពារ​ដី​អនុក្រឹត្យ​លេខ​៧៦ រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាល​ឆាយ ឲ្យ​បាន​គង់វង្ស​នោះ។ លោក​ថ្លែង​ហួស​ចិត្ត ដែល​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ ទុក​ឲ្យ​មាន​សកម្មភាព​ពុះ​ច្រៀក​ដី​តំបន់​នេះ​លក់​ដូរ និង​ហ៊ុមព័ទ្ធ​ធ្វើ​កម្មសិទ្ធិ ដោយ​កាប់​ដើម​ឈើ​តំបន់​នេះ​បំផ្លាញ​ចោល​ស្ទើរ​រលាយ​ហិនហោច។

លោក​បន្ត​ថា ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​ប្រមុខ​ដឹក​នាំ​បាន​ដាក់​ឲ្យ​ថែរក្សា គឺ​ជា​ប្រភព​ទឹក​ស្អាត ឬ​ទឹក​សាប ទុក​សម្រាប់​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ដោយ​មិន​អាច​ខ្វះ​បាន​ទេ។ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​អំពាវនាវ​ដល់​ផ្នែក​ពាក់ព័ន្ធ ត្រូវ​ចូលរួម​ទប់ស្កាត់ និង​វែក​រក​មុខ​បុគ្គល​នៅ​ពី​ក្រោយ​បទល្មើស​ទន្ទ្រាន​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​លេខ​៧៦ នៅ​តំបន់​ក្បាល​ឆាយ​ជា​ឡូៗ លក់​ដូរ​បន្ត​នា​ពេល​កន្លង​មក ដើម្បី​ឈាន​ដល់​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។

សារ​ព្រមាន​ធ្ងន់ៗ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ដូច្នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពង្រឹង​ការ​អនុវត្ត​អនុក្រឹត្យ​លេខ​៧៦ ចុះ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ ស្ដីពី​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ព្រែក​ទឹក​សាប នៅ​តំបន់​ក្បាល​ឆាយ។ កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​នា​សាល​ប្រជុំ​សាលា​ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែ​សីហា និង​មាន​មន្ត្រី​ជំនាញ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ចំណុះ​ឲ្យ​ខេត្ត​ទេសចរណ៍​មួយ​នេះ ចូលរួម។

ដីជំលោះ

ទីតាំង​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​រក្សា​ទុក​ជា​ប្រភព​ទឹក​ស្អាត ស្ថិត​ក្នុង​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥ RFA/Den Ayuthyea

នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ លោក ឌី សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន​ទៀត បាន​រង​ការ​ស្ដី​បន្ទោស​ធ្ងន់ៗ​ពី លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន ចំពោះ​កំហុស​ឆ្គង​មិន​អាច​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​ដី​អនុក្រឹត្យ​លេខ​៧៦ ដោយ​បង្កើត​ឲ្យ​មាន​សកម្មភាព​ពុះ​ច្រៀក​លក់​ជា​ឡូៗ និង​ហ៊ុមព័ទ្ធ​របង​ធ្វើ​កម្មសិទ្ធិ។ លោក ឌី សុខុម និង​លោក សុខ សកល មេ​បញ្ជាការ​កងទ័ព​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ បាន​បកស្រាយ​ថា ស្ថាប័ន​ខ្លួន​ខ្វះ​មធ្យោបាយ​គ្រប់​បែប​យ៉ាង ក្នុង​ការ​ចុះ​បង្ក្រាប​បទល្មើស​ទន្ទ្រាន​ដី​អនុក្រឹត្យ​លេខ​៧៦ នៅ​តំបន់​ក្បាល​ឆាយ​នា​ពេល​កន្លង​មក។

ត្រង់​ចំណុច​នេះ លោក សុខ សកល បាន​ឲ្យ​ដឹង​ថា សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​អនុក្រឹត្យ​នេះ មាន​ទាំង​ពលរដ្ឋ​សាមញ្ញ និង​មន្ត្រី​មាន​អំណាច ហើយ​ថា សកម្មភាព​នេះ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​មន្ត្រី​មាន​អំណាច​ខ្លះ​ជា​អ្នក​កាង​ការពារ ឬ​នៅ​ពី​ក្រោយ​បទល្មើស​ទាំង​នេះ។ លោក​ត្អូញត្អែរ​ថា បទល្មើស​នេះ​នៅ​ពេល​កូន​ចៅ​ក្រោម​ឱវាទ​លោក​ចុះ​បង្ក្រាប និង​ចាប់​បាន​ជនល្មើស​កន្លង​មក គឺ​មាន​អ្នក​ធំ​នេះ ឬ​អ្នក​ធំ​នោះ ចេញ​ធ្វើ​អន្តរាគមន៍ រហូត​ឈាន​ដល់​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​រូប​លោក ដែល​ដឹក​នាំ​កម្លាំង​ការពារ​ដី​អនុក្រឹត្យ​នេះ ទៅ​កាន់​តុលាការ​ថែម​ទៀត៖ «យើង​ពិបាក​ក្នុង​ការ​បង្ក្រាប​ណាស់​បទល្មើស​ទន្ទ្រាន​កាន់​កាប់ ឬ​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​តំបន់​ក្បាល​ឆាយ​លេខ​៧៦ នេះ ព្រោះ​បទល្មើស​នេះ​ទាល់​តែ​ខ្មោច​ស្រុក​ឲ្យ​ដៃ ទើប​ខ្មោច​ព្រៃ​វា​ហ៊ាន។ សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​តំបន់​ក្បាល​ឆាយ​នេះ គឺ​មាន​ទាំង​អ្នក​តូច​ដល់​អ្នក​ធំ ហើយ​នៅ​ពេល​កម្លាំង​ចុះ​បង្ក្រាប និង​ចាប់​ខ្លួន​ជនល្មើស​ទន្ទ្រាន​ដី​រដ្ឋ​នេះ​ម្តងៗ មាន​អ្នក​ចេញ​មុខ​អន្តរាគមន៍ និង​មាន​បញ្ហា​ប្រឈម​សម្រាប់​អ្នក​អនុវត្ត​ច្បាប់ ឬ​ទប់ស្កាត់​សកម្មភាព​ល្មើស​ទាំង​នេះ។ បទល្មើស​នេះ​ហាក់​បី​ដូចជា​មាន​ការ​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ​អ៊ីចឹង»

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ថ្លែង​ថា អាជ្ញាធរ​មាន​ផល​វិបាក​ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​អនុក្រឹត្យ​លេខ​៧៦ នៅ​តំបន់​ក្បាល​ឆាយ​កន្លង​មក។ ទោះ​យ៉ាង​ណា លោក​ថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ​នៅ​តែ​បន្ត​សកម្មភាព​ទប់ស្កាត់ និង​អនុវត្ត​ច្បាប់​ការពារ​ដី​អនុក្រឹត្យ សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាល​ឆាយ​ឲ្យ​មាន​ប្រសិទ្ធភាព។

ដីជំលោះ១១

ទីតាំង​ដី​អនុក្រឹត្យ​រដ្ឋ​ហាមឃាត់ ដែល​ត្រូវ​គេ​ពុះ​ច្រៀក​ជា​ឡូ ស្ថិត​នៅ​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៥ RFA/Den Ayuthyea

លោក ឃុន សាវឿន មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ ដែល​តាម​ឃ្លាំ​មើល​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​អនុក្រឹត្យ​លេខ​៧៦ ហាក់​មាន​ជំនឿ​តិចតួច​ថា អាជ្ញាធរ​អាច​ទប់ស្កាត់​បទល្មើស​នេះ​បាន។ លោក​ចោទ​ថា សកម្មភាព​ទន្ទ្រាន​ពុះ​ច្រៀក ឬ​កាន់​កាប់​ដី​អនុក្រឹត្យ​លេខ​៧៦ គឺ​ទំនង​ជា​អាច​មាន​ការ​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ ហើយ​ក៏​ឃើញ​មាន​មន្ត្រី​មួយ​ចំនួន កំពុង​បម្រើ​ការងារ​ក្នុង​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ក៏​មាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ពុះ​ច្រៀក​ដី​អនុក្រឹត្យ​នេះ ដើម្បី​លក់​ដូរ​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​មិន​ឃើញ​មាន​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ណា​មួយ មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ទេ៖ «ចំណុច​ដី​អនុក្រឹត្យ​លេខ​៧៦ ទុក​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាល​ឆាយ ហើយ​ជាពិសេស​ដែល​មាន​អ្នក​ទន្ទ្រាន​ពុះ​ច្រៀក​លក់​បន្ត​មាន​ក្រុម​គ្រួសារ លោក សូរ ជុងហ៊ួរ ជាដើម​ហ្នឹង គឺ​សូម​ឲ្យ​អាជ្ញាធរ​ខេត្ត​ពិនិត្យ​មើល​ឡើង​វិញ។ ប៉ុន្តែ​អាជ្ញាធរ​មាន​ទាហាន និង​មេ​ព្រៃ​ជាដើម ទៅ​ចាប់ៗ​តែ​ពលរដ្ឋ​អ្នក​ទៅ​ទិញ​ដី​ហ្នឹង​ទៅ​វិញ មិន​ចាប់​អ្នក​លក់​ទេ»

យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​សង្កត់​ធ្ងន់​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ត្រូវ​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​អនុក្រឹត្យ​លេខ​៧៦ ជា​ប្រភព​រក្សា​ទឹក​ស្អាត​នៅ​តំបន់​ក្បាល​ឆាយ ឲ្យ​បាន​គង់វង្ស ព្រោះ​ដី និង​ព្រៃ​ឈើ​នៅ​តំបន់​នេះ​ជា​ដង្ហើម​រស់ ឬ​ជា​ប្រភព​ទឹក​សាប ទុក​សម្រាប់​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេសចរ​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ។

រាជ​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ បាន​ចេញ​អនុក្រឹត្យ​លេខ​៧៦ ដោយ​កំណត់​ហ៊ុមព័ទ្ធ​ដី​នៅ​តំបន់​នេះ​មាន​ផ្ទៃ​សរុប ៦,២០២​ហិកតារ ប្រគល់​ភារកិច្ច​ជូន​ក្រសួង​កសិកម្ម ថែ​រក្សា​ការពារ​ព្រៃ​ធម្មជាតិ និង​ដាំ​ឈើ​នៅ​តំបន់​នេះ​ឡើង​វិញ៕

វៀតណាម​ចូល​ដាំ​សណ្ដែកដី​នៅ​ក្បែរ​កន្លែង​ជីក​ស្រះ​ក្នុង​តំបន់​ហាមឃាត់​ខេត្ត​រតនគិរី

ប្រភព៖ វិទ្យុអាសុីសេរី​ ,ដោយ រដ្ឋា វិសាល,2015-08-18
ស្រះវៀតណាមជីក

សហគមន៍​ជនជាតិ​ដើម​ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នាំ​គ្នា​ទៅ​មើល​ស្រះ និង​រណ្ដៅ​ដាំ​កាហ្វេ​ដែល​ពលរដ្ឋ​វៀតណាម ជីក​នៅ​តំបន់​ព្រំដែន​ហាម​ឃាត់ កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៥។ រូបថត​សហគមន៍

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ រស់​នៅ​ជាប់​នឹង​តំបន់​ព្រំដែន​ដែល​មាន​ទំនាស់​ជាមួយ​​ភាគី​វៀតណាម រឿង​ជីក​ស្រះ​ក្នុង​តំបន់​ព្រំដែន​ហាមឃាត់​ជាប់​ខេត្ត​រតនគិរី អះអាង​ថា ពលរដ្ឋ​វៀតណាម លួច​ចូល​មក​ដាំ​សណ្ដែកដី​បន្ថែម​ទៀត​ក្នុង​តំបន់​មាន​ជម្លោះ ខណៈ​ភាគី​វៀតណាម មិន​ទាន់​លុប​ស្រះ​ដែល​ខ្លួន​ជីក​ខុស​ច្បាប់​ក្នុង​តំបន់​ស​តាម​ការ​សន្យា​របស់​រដ្ឋលេខាធិការ​ការ​បរទេស​វៀតណាម នៅ​ឡើយ។

តំណាង​សហគមន៍​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ លោក រម៉ាស ស្វាត់ បាន​បញ្ជាក់​ថា ពលរដ្ឋ​វៀតណាម លួច​ចូល​ដាំ​សណ្ដែកដី​ប្រមាណ​ជាង​មួយ​សប្ដាហ៍​កន្លង​ទៅ ក៏ប៉ុន្តែ​ពួកគេ​ចូល​មក​ដាំ​នៅ​វេលា​យប់​នៅ​ក្នុង​តំបន់​ស ជិត​ចំណុច​ស្រះ​ដែល​ពួកគេ​បាន​ជីក​ខុស​ច្បាប់​កាល​ពី​ខែ​ឧសភា។

លោក​បន្ត​ថា តម្រួត​ព្រំដែន​ខ្មែរ​នៅ​តំបន់​នោះ​បាន​ដឹង​ពី​សកម្មភាព​រំលោភ​ថ្មី​នេះ ហើយ​បាន​​ប្រាប់​សហគមន៍​ឲ្យ​ទៅ​មើល​កន្លែង​កើត​ហេតុ៖ «មេ​ប៉ុស្តិ៍​គេ​ប្រាប់​ឲ្យ​ទៅៗ​កន្លែង​ស្រះ​ហ្នឹង​ដែរ។ យើង​ចុះ​ទៅ​ខាង​លើ​អូរៗ»

​កាល​ពី​ខែ​កក្កដា ក្រសួង​ការបរទេស​កម្ពុជា បាន​ដាក់​កំណត់​ទូត​តវ៉ា​ចំនួន​ពីរ​លើក​ទៅ​រដ្ឋាភិបាល​វៀតណាម បន្ទាប់​ពី​រក​ឃើញ​ថា វៀតណាម បាន​ជីក​ស្រះ​ទឹក​ចំនួន ៨ នៅ​ក្នុង​តំបន់​ស។ ផ្អែក​លើ​ផែនទី​ដែល​មាន​ខ្នាត ១/១០០.០០០ ស្រះ​ទឹក​ចំនួន​បី គឺ​ជីក​ចូល​ដី​កម្ពុជា យ៉ាង​ជ្រៅ ដោយ​ស្រះ​ទឹក​ទី​១ មាន​ចម្ងាយ​ប្រមាណ ៣១៥​ម៉ែត្រ។ ស្រះ​ទឹក​ទី​២ ជីក​ចូល​ចម្ងាយ ៤២៥​ម៉ែត្រ និង​ស្រះ​ទឹក​ទី​៣ ចម្ងាយ ៣៩០​ម៉ែត្រ​ពី​ខ្សែបន្ទាត់​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣០ និង​បង្គោល​ព្រំដែន​លេខ​៤០ ឋិត​នៅ​ចំណុច​អូរហ្គ្រឹម ក្បែរ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភូមិ​ឡំ ជាប់​នឹង​ភូមិ​សេសៅ ឃុំ​យ៉ាណាង ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ ជា​តំបន់​មិន​ទាន់​ឯកភាព​គ្នា​វាស់​វែង​នៅ​ឡើយ។

​ទាក់ទិន​ការរំលោភ​លួច​ចូល​ដាំ​សណ្ដែក​ជា​ថ្មី​របស់​ពលរដ្ឋ​វៀតណាម ក្នុង​តំបន់​ហាម​ឃាត់​នេះ នាយ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភូមិ​ឡំ លោក ម៉ី កយ មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជាជន​វៀតណាម បាន​ចូល​មក​ដាំ​សណ្ដែកដី​លើ​ដី​ប្រមាណ​មួយ​ហិកតារ នៅ​ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​វៀតណាម ក៏​ប៉ុន្តែ​តម្រួត​ព្រំដែន​ខ្មែរ​បាន​ហាមឃាត់​មិន​ឲ្យ​ដាំ​បន្ត​ទៀត​ទេ។

លោក​ថា មិន​ប្រាកដ​ថា តំបន់​ដែល​ជនជាតិ​វៀតណាម ចូល​មក​ដាំ​សណ្ដែកដី​នោះ​ជា​តំបន់​ស ឬ​យ៉ាង​ណា​ទេ ក៏ប៉ុន្តែ​ដី​ដាំ​សណ្ដែក​នោះ​ពិត​ជា​នៅ​ផ្នែក​ខាង​លើ​កន្លែង​ជីក​ស្រះ​នោះ៖ «អា​ហ្នឹង​ខ្ញុំ​អត់​ច្បាស់​ទេ ព្រោះ​វា​នៅ​កៀក​ប៉ុស្តិ៍​គេ ប៉ុន្តែ​ខ្ញុំ​អត់​ឲ្យ​ដាំ​ត​ទៅ​ទៀត​ទេ»

តំបន់​ស ឬ​តំបន់​ព្រំដែន​ហាម​ឃាត់​នៅ​ចំណុច​មាន​ទំនាស់​ត្រូវ​បាន​កំណត់​ត្រឹម​អក្សរ​កណ្ដាល​​នៃ​អូរហ្គ្រឹម និង​មាន​ចម្ងាយ ៥០០​ម៉ែត្រ សង​ខាង​អក្សរ​ហាម​មិន​ឲ្យ​ភាគី​ទាំង​ពីរ​សាងសង់ ឬ​ធ្វើ​អ្វី​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ឯកភាព​គ្នា​នោះ​ឡើយ លើកលែងតែ​តំបន់​ដែល​ភាគី​ទាំង​ពីរ​បាន​ឈរ​ជើង​មុន​ការ​កំណត់​ព្រំដែន​ស​ឲ្យ​រក្សា​ស្ថានភាព​ដដែល។

ជុំវិញ​សេចក្ដី​រាយការណ៍​របស់​សហគមន៍​នេះ ស្នងការ​រង​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​រតនគិរី ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក ហេង រតនា បដិសេធ​ថា តម្រួត​ព្រំដែន​ខ្មែរ​នៅ​តំបន់​នោះ​មិន​អនុញ្ញាត​ឲ្យ​ភាគី​វៀតណាម ធ្វើ​សកម្មភាព​ណា​មួយ​បាន​នៅ​ក្នុង​តំបន់​ហាមឃាត់​នោះ​បន្ត​ទៀត​ទេ។ លោក​ថា តម្រួត​ព្រំដែន​ខ្មែរ​បាន​ចាត់​ឲ្យ​ល្បាត​នៅ​តំបន់​នោះ​ជា​ប្រចាំ និង​ហាមឃាត់​មិន​ឲ្យ​ភាគី​វៀតណាម ដាំដុះ ឬ​ធ្វើ​អ្វី​រំលោភ​ចូល​តំបន់​នោះ​បាន​ទៀត​ឡើយ៖«អត់​ទេ! មាន​ក៏​ដក​ចោល​ដែរ អត់​មាន​ប៉ះពាល់​បាន​ទេ កម្លាំង​ខ្ញុំ​ដាក់​ចោល​ត្រៀម​រហូត​អត់​មាន​អ្នក​ណា​​ប៉ះពាល់​បាន​ទៀត​ទេ»

យ៉ាង​ណា​ក៏ដោយ មន្ត្រី​សិទ្ធិមនុស្ស​សមាគម​អាដហុក (Adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី អះអាង​ដែរ​ថា សហគមន៍​ក៏​បាន​ផ្ដល់​ព័ត៌មាន​នេះ​មក​សមាគម​លោក​ដូច​គ្នា។ លោក​អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​ព្រំដែន​ទប់ស្កាត់​ឲ្យ​បាន​ជាក់លាក់ កុំ​ឲ្យ​មាន​ការ​រំលោភ​បាន​ត​ទៅ​ទៀត៖ «ខាង​អាជ្ញាធរ​វៀតណាម ក៏​មិន​ទាន់​បាន​លុប​ស្រះ​ដែរ អូស​បន្លាយ​ពេល។ នៅ​ពេល​នេះ​ឃើញ​ថា មាន​ការ​ចូល​មក​ដាំ​សណ្ដែក​សៀង សហគមន៍​អះអាង​ថា ចូល​ពេល​យប់​ចេញ​ទៅ​វិញ​ពេល​ថ្ងៃ»

​ទោះ​ជា​យ៉ាង​នេះ​ក្តី សហគមន៍​ភូមិ​ឡំ អំពាវនាវ​សុំ​ឲ្យ​គណៈកម្មការ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ជំរុញ​ភាគី​វៀតណាម ឲ្យ​អនុវត្ត​ការ​សន្យា​លុប​ស្រះ​ដែល​បាន​ជីក​ក្នុង​តំបន់​ស​ឲ្យ​បាន​ឆាប់​តាម​កិច្ច​ព្រមព្រៀង​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ៕

ក្រសួង​ដែនដី​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ការិយាល័យ​សមាជិក​រដ្ឋសភា​អាមេរិក

ប្រភព៖ វិទ្យុអាសសុីសេរី ,ដោយ សុជីវី,2015-08-18
ពលរដ្ឋមានជំលោះ

ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សួន មានសម្បត្តិ កាន់​បដា​​តវ៉ា​នៅ​ក្រោម​ដើម​ពោធិ៍ ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ នា​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៤។ RFA/Morm Moniroth

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រតិកម្ម​នឹង​ការិយាល័យ​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស នៃ​រដ្ឋសភា​របស់​សហរដ្ឋ​អាមេរិក ដែល​ថា កម្ពុជា ខកខាន​មិន​បាន​ធានា​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

ក្រសួង​រៀបចំ​ដែនដី បាន​សំអាង​លើ​បទដ្ឋាន​ច្បាប់​មួយ​ចំនួន និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធានា​សិទ្ធិ​របស់​ពលរដ្ឋ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ចេញ​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ក្រសួង​បញ្ជាក់​ថា មក​ដល់​ពេល​នេះ កម្ពុជា មាន​បទដ្ឋាន​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​សិទ្ធិ​ស្រប​ច្បាប់​របស់​ពលរដ្ឋ។

ការ​បញ្ជាក់​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ការ​ឆ្លើយ​តប​នឹង​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ដែល​ដក​ស្រង់​ការ​លើក​ឡើង​របស់​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​រដ្ឋសភា​នៃ​សហរដ្ឋ​អាមេរិក លោក អេដ រ៉យស៍ (Ed Royce) ដែល​ថា កម្ពុជា ខកខាន​មិន​បាន​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​នៃ​ពលរដ្ឋ​របស់​ខ្លួន ជាពិសេស​សិទ្ធិ​ក្នុង​ការ​ធានា​នូវ​អចលនទ្រព្យ ការ​បង្កើន​ប្រាក់​ចំណូល និង​ការ​ចូលរួម​ដោយ​សេរី​ខាង​ផ្នែក​សេដ្ឋកិច្ច។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត មាន​ប្រសាសន៍​ថា រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​រដ្ឋ ដែល​ធានា​សិទ្ធិ​ពលរដ្ឋ។ លើស​ពី​នេះ ក៏​មាន​គោល​នយោបាយ​ដីធ្លី មាន​ច្បាប់​ភូមិបាល មាន​អនុក្រឹត្យ​ជាច្រើន ដែល​ចែង​ពី​កម្មសិទ្ធិ​ដីធ្លី និង​ឯកសារ​ណែនាំ​បច្ចេកទេស សម្រាប់​បម្រើ​ឲ្យ​ការ​ចុះ​បញ្ជី។ លោក សេង ឡូត បន្ត​ថា ក្នុង​ការ​អនុវត្ត​វិញ មក​ដល់​ពេល​នេះ​មាន​ក្បាល​ដី​ជាច្រើន​បាន​ចុះ​បញ្ជី​កម្មសិទ្ធិ​ស្រប​ច្បាប់។ លោក​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ប្រធាន​គណៈកម្មាធិការ​រដ្ឋសភា​នៃ​សហរដ្ឋ​អាមេរិក៖ «ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​កន្លង​មក យើង​ផ្តល់​បាន ៤​លាន​ក្បាល​ដី​ហើយ។ ក្នុង​ការ​ប៉ាន់​ប្រមាណ​សរុប​សម្រាប់​ប្រទេស​កម្ពុជា យើង​មាន​ប្រហែល ៧​លាន​ក្បាល​ដី​ដែល​ត្រូវ​ចុះ​បញ្ជី ហើយ​ការ​ចុះ​បញ្ជី​នេះ​មាន​រូបភាព គឺ​ការ​ចុះ​បញ្ជី​ជា​ប្រព័ន្ធ បាន​ន័យ​ថា យើង​ធ្វើ​តាម​ភូមិ​ឃុំ​សង្កាត់​ទាំងអស់​ដែល​រាជ​រដ្ឋាភិបាល​គាំទ្រ​ការ​ចុះ​បញ្ជី​ហ្នឹង​ជូន​ពលរដ្ឋ ហើយ​និង​មួយ​ទៀត ជា​ការ​ចុះ​បញ្ជី​ដាច់​ដោយ​ដុំ»

កាល​ពី​ថ្ងៃ​ពុធ ទី​១២ សីហា ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​របស់​សហរដ្ឋ​អាមេរិក បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ភាព​ខ្វះខាត​នៃ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា ដែល​នាំ​ឲ្យ​ពលរដ្ឋ​របស់​ប្រទេស​នេះ តែង​រងគ្រោះ​ឥត​ឈប់​ឈរ​ពី​ករណី​រំលោភ​ដីធ្លី ជា​បញ្ហា​ដែល​នាំ​ឲ្យ​កម្ពុជា មាន​ការ​អភិវឌ្ឍ​យឺត។ គណៈកម្មាធិការ​នេះ នឹង​បើក​សវនាការ​ពិនិត្យ​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២១ សីហា ដើម្បី​ស្ដាប់​សាក្សី​ជាច្រើន​នាក់​នៃ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ការ​រំលោភ​ដីធ្លី ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ជីវិត​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជា និង​ហ្វីលីពីន។ សវនាការ នឹង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទាំង​នោះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែនដី ក៏​បាន​រិះគន់​របាយការណ៍​ដីធ្លី​របស់​សមាគម​អាដហុក (Adhoc) ថា​ពុំ​មាន​មូលដ្ឋាន មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត និង​លម្អៀង។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត មាន​ប្រសាសន៍​ថា តួលេខ​ជម្លោះ​ដីធ្លី​របស់​សមាគម​នេះ ខ្ពស់​ខុស​គ្នា​ខ្លាំង​ពី​របាយការណ៍​របស់​រដ្ឋាភិបាល៖ «តួលេខ​គាត់​ធំ​ពេក កាល​ណា​ធំ​ពេក​ផ្សាយ​ទៅ​វា​អាច​ប៉ះពាល់​ដល់​លទ្ធផល​ដ៏​ធំធេង ដែល​ក្រសួង​ក៏​ដូច​រដ្ឋាភិបាល បាន​ខិតខំ​ប្រឹងប្រែង​កន្លង​មក។ ម្យ៉ាង​ទៀត ក៏​ប៉ះពាល់​ដល់​កិត្តិយស​នៃ​ជាតិ​របស់​យើង​ដែរ ដែល​ថា​ជាតិ​យើង​ហ្នឹង​មាន​ទំនាស់​ដីធ្លី​ច្រើន​ក៏​មិន​ល្អ​ដែរ។ តួលេខ​នេះ គឺ​ក្រសួង​មាន​ច្បាស់លាស់​ណាស់ គឺ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ យើង​នៅ​សល់​តែ​ប្រហែល ៨០០​ទំនាស់​ទេ ដែល​ត្រូវ​បន្ត​ដោះស្រាយ»

មន្ត្រី​ផ្នែក​ដីធ្លី​នៃ​សមាគម​អាដហុក លោក ឡាត់ គី មាន​ប្រសាសន៍​ថា សមាគម​ពុំ​ដែល​មាន​ចេតនា​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខូច​មុខ​មាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ របាយការណ៍​របស់​អាដហុក ពឹង​ផ្អែក​លើ​ព័ត៌មាន​ពិត​ជាក់លាក់។ លោក​បន្ត​ថា អាដហុក ប្រាថ្នា​សុំ​ឲ្យ​តែ​ពលរដ្ឋ​ទទួល​បាន​ដំណោះស្រាយ​សមរម្យ និង​យុត្តិធម៌។

របាយការណ៍​របស់​អាដហុក ដែល​មាន​ចំណង​ជើង​ថា “ដី​របស់​នរណា?” បង្ហាញ​ថា រយៈពេល ៦​ខែ​ឆ្នាំ​២០១៥ អាដហុក ទទួល​បាន ៦៦​បណ្ដឹង​ក្នុង​បញ្ហា​ដីធ្លី គឺ​មិន​មាន​ការ​ថយ​ចុះ​នោះ​ទេ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៤។ ការ​ដោះស្រាយ​បញ្ហា​ដីធ្លី តែង​ជួប​ការ​លំបាក ឬ​មិន​អាច​ដោះស្រាយ​បាន​ក្នុង​ករណី​ជម្លោះ​ជាមួយ​អ្នក​មាន​លុយ និង​មាន​អំណាច៕

ពលរដ្ឋ​នាំ​គ្នា​ទៅ​​បោះ​ជំរំ​ដេក​ចាំ​មិន​ឲ្យ​ក្រុមហ៊ុន​ចិន​ឈូស​ឆាយ​ដី

ប្រភព៖ ភ្នំពេញប៉ុស្តិ៍ ដោយ​ ផាក់ ស៊ាងលី Thu, 9 July 2015
អ្នក​ភូមិ​ប្រមេរុ នៅ​យាម​ចាំ​ទប់ស្កាត់​ក្រុមហ៊ុន​ចិន​មិន​ឲ្យ​ឈូសឆាយ​ដី​នៅក្នុង​សហគមន៍​របស់​ពួកគេ​។ រូបថត សហការី

អ្នក​ភូមិ​ប្រមេរុ នៅ​យាម​ចាំ​ទប់ស្កាត់​ក្រុមហ៊ុន​ចិន​មិន​ឲ្យ​ឈូសឆាយ​ដី​នៅក្នុង​សហគមន៍​របស់​ពួកគេ​។ រូបថត សហការី

ព្រះវិហារៈ សហគមន៍​ប្រមេរុ​ក្នុង​ស្រុក​ត្បែង​មានជ័យ​បាន​នាំគ្នា​ទៅ​បោះ​ជំរំ​ដេក​ចាំ​ឃាត់​គ្រឿង​ចក្រ​ក្រុមហ៊ុន​ចិន​ទាំង​ថ្ងៃ ទាំង​យប់​មិន​ឲ្យ​បន្ត​ឈូស​ឆាយ​លើ​ដី​ជាង​ ៦ ​ពាន់​ហិកតា​ដែល​ពួកគាត់​អះអាង​ថា​ជា​ដី​កំពុង​តែ​ដំណើរការ​ចុះ​បញ្ជី​ជា​ដី​សមូហភាព។

បើ​ទោះបី​ជា​ប្រជាសហគមន៍​ជនជាតិ​ដើម​ភាគ​តិចកួយ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​កំពុង​តែ​ដំណើរការ​ចុះ​បញ្ជី​ដី​ជា​សមូហភាព​ទៅ​ហើយ​ក៏ដោយ ក៏​ក្រុមហ៊ុន​ចិន​រ៉ូយហ្វេង និង​ឡានហ្វេង​នៅ​តែ​ព្យាយាម​ឈូសឆាយ​ដី​នោះ​ទាំង​ថ្ងៃ​ ទាំង​យប់​ទៀត។ ដើម្បី​ការពារ​ដី​ទំហំ ៦២១៤,១៤ ហិកតា​នោះ​កុំ​ឲ្យ​ក្រុមហ៊ុន​ឈូសឆាយ​ប្រជាសហគមន៍​ក្នុង​ភូមិ​ស្រែ​ព្រាង ឃុំ​ប្រមេរុ​ប្រមាណ​ ៥០ នាក់​មកពី​ជាង​ ១០០ ​គ្រួសារ បាន​បោះ​ជំរំ​ស្នាក់នៅ​នឹង​ដី​នោះ​ចាប់​តាំងពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​មក​។ នេះ​បើ​តាម​ការ​អះអាង​របស់​ពលរដ្ឋ​។

អ្នកស្រី​ នួន ម៉ុន អាយុ ៦៣ ឆ្នាំ​ជា​តំណាង​សហគមន៍​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​នឹង​ជំរំ​នោះ​ថា​៖ «ក្រុមហ៊ុន​មាន​គ្រឿងចក្រ​ ៧ គ្រឿង​ចាំ​ឈូសឆាយ។ ពេល​ថ្ងៃ​គេ​ឈូស​អត់​កើត​ព្រោះ​យើង​ឃាត់។ អ៊ីចឹង​គេ​ទៅ​ឈូស​ពេល​យប់​វិញ។ យើង​ក៏​ទៅ​ទប់​ស្កាត់​ពេល​យប់​ទៀត។ នាំ​គ្នា​បោះ​ជំរំ​ដេក​ចាំ​តែ​ម្តង។ យើង​កំពុង​តែ​ចុះ​បញ្ជី​ដី​ហើយ​​គេ​នៅ​តែ​ឈូស​ទៀត។ ឥឡូវ​​បើ​ឈូស​ពេល​ណា​ឃាត់​ពេល​ហ្នឹង»​។

អ្នកស្រី​បន្ត​ថា​ ​ពួកគាត់​កំពុង​តែ​ផ្លាស់​វេន​គ្នា​ដេក​ចាំ​យាម​ដី ២៤ ម៉ោង ដោយ​ដាំ​ស្ល​ហូប​ចុក​នៅ​ទី​នោះ​តែ​ម្តង​ហើយ​សកម្មភាព​ពួក​គាត់​នោះ​គឺ​គ្រោង​ធ្វើ​គ្មាន​ថ្ងៃ​កំណត់​ទេ​ធ្វើ​រហូត​ដល់​ដី​ពួកគាត់​ត្រូវ​ចុះ​បញ្ជី​រួចរាល់​ដើម្បី​ការពារ​មិន​ឲ្យ​ក្រុមហ៊ុន​ចិន​បំពាន​បាន។

អ្នកស្រី​ ម៉ុន ​បាន​ត្អូញត្អែរ​ថា៖ «គ្មាន​អី​ហូប​ទេ​មាន​តែ​ដាក់​អង្ករ​ទៅ​ដាំ​បាយ​ហូប​ជាមួយ​នឹង​អំបិល​ហូប​នឹង​ចុង​ផ្តៅ​ទៅ។ ធ្វើ​ម៉េច​យើង​អត់​តែ​ដើម្បី​រក្សា​ទុក​ដី​ជា​សមូហភាព។ បើ​មិន​អ៊ីចឹង​ទេ គេ​ឈូស​ដាំ​អំពៅ​ទាំងអស់។

ដី​មាន​ប្លង់​ហើយ​ក៏​គេ​ឈូស​ដែរ»។

លោក លួត សាំង បុគ្គលិក​សម្របសម្រួល​អង្គការ​ពន្លក​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​ប្រជាសហគមន៍​បាន​ដាក់​ការ​ស្នើ​សុំ​ចុះ​បញ្ជី​ជា​ដី​សមូហភាព និង​ឯកសារ​​ពាក់ព័ន្ធ​ជាង ១០ ទៀត​ទៅ​អាជ្ញាធរ​ស្រុក​ដើម្បី​ពិនិត្យ​មើល​កាលពី​ថ្ងៃ​អង្គារ​។ ឯកសារ​ទាំងអស់​នោះ​រួមមាន ផែនទី​ដី បទបញ្ជា​ផ្ទៃ​ក្នុង​របស់​សហគមន៍ លក្ខន្តិកៈ​សហគមន៍ បញ្ជី​ឈ្មោះ​គណៈកម្មការ និង​សមាជិក​ជាដើម។

លោក​បញ្ជាក់​ថា៖ «ទោះ​បី​សហគមន៍​កំពុង​ចុះ​បញ្ជី​ក្តី​តែ​ដី​នោះ​មិន​ទាន់​ដោះស្រាយ​ជាមួយ​នឹង​ក្រុមហ៊ុន​ចប់​ទេ​ហើយ​​មើល​ទៅ​ប្រហែល​ជា​ឆ្នាំ​ក្រោយ​ទើប​ចុះ​បញ្ជី​ចប់។ តែ​ទោះបី​បាន​ចុះ​បញ្ជី ឬ​អត់​ក៏ដោយ ក៏​ពលរដ្ឋ​នៅតែ​មាន​សិទ្ធិ​ការពារ​ដី​ប្រពៃណី​ខ្លួន​ដែរ។

លោក​ លួត សាំង ​បាន​ឲ្យ​ដឹង​ថា​ដី​ទំហំ​ជាង ៦ ពាន់​ហិកតា​ដែល​កំពុង​ចុះ​បញ្ជី​នោះ​រួម​មាន ដី​លំនៅឋាន ដី​ស្រែ​ចម្ការ​វិលជុំ និង​ដី​ព្រៃ​អារក្ស​។

រដ្ឋាភិបាល​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន ឡានហ្វេង ចំនួន​ ៩០១៥ ហិកតា​និង រ៉ូយ ហ្វេង ចំនួន ៨៨៤១ ហិកតា​កាលពី​ឆ្នាំ​ ២០១១ ដើម្បី​ដាំ​អំពៅ និង​ដាំ​កៅស៊ូ។ បន្ទាប់មក​ក្រុមហ៊ុន​បាន​ធ្វើ​សកម្មភាព​ឈូសឆាយ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដី​របស់​ប្រជាពលរដ្ឋ និង​មាន​ទំនាស់​នឹង​គ្នា​រហូត​មក។ ក្នុង​នោះ​សហគមន៍​ក៏​បាន​ចាប់​គ្រឿងចក្រ​ពីរ​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ឃុំ​រហូត​ដល់​សព្វថ្ងៃ​នេះ​ហើយ​ក្រៅពី​នោះ​ក៏​មាន​ការ​ប្តឹង​គ្នា​ទៅ​តុលាការ​ទៀត​ផង​ដែរ។

លោក​អ៊ឹង ធីងគង់ ​តំណាង​ក្រុមហ៊ុន​ចិន​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ។

លោក​ អ៊ុង វុទ្ធី ​អភិបាល​ស្រុក​ត្បែងមានជ័យ​បាន​ថ្លែង​ថា​អាជ្ញាធរ​ស្រុក​កំពុង​តែ​ពិនិត្យ​មើល​ឯកសារ​ដែល​សហគមន៍​បាន​ដាក់​សុំ​ចុះ​បញ្ជី​នោះ​ហើយ។ ទោះ​យ៉ាង​ណា​លោក​បាន​ថ្លែង​ថា​កន្លែង​ដែល​ប្រជាពលរដ្ឋ​រារាំង​ក្រុមហ៊ុន​មិន​ឲ្យ​ឈូសឆាយ​នោះ​គឺជា​ដី​ព្រៃ​មិនមែន​ជា​ដី​ដែល​ពួកគាត់​កាន់កាប់​ជាក់ស្តែង​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ ​«​គាត់​បោះជំរំ​ហ្នឹង​គឺ​មិន​ឲ្យ​ក្រុមហ៊ុន​ឈូសឆាយ​ដី​ព្រៃ​បន្ត។ មិនមែន​ជា​ដី​របស់​គាត់ ឬ​ដី​សហគមន៍​ហើយ​ក៏​មិន​មែន​ដី​ស្រែ​ចម្ការ​នោះ​ដែរ​។ គាត់​ចង់​បាន​ច្រើន​ណាស់»​។

ទោះ​យ៉ាងណា​លោក ណែម ថាំង ​មេឃុំ​ប្រមេរុ​បាន​អះអាង​ថា​ដី​នោះ​មាន​ដើម​ជ័រច្បោះ​របស់​ប្រជាពលរដ្ឋ​ហើយ​ប្រជាពលរដ្ឋ​ចង់​រក្សា​ទុក​ជា​ដី​សម្រាប់​ចម្ការ​វិល​ជុំ​៕

ករណី​ពុះ​ច្រៀក​ដី​មាត់​ស្ទឹង​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល លក់​និង​សង់ផ្ទះ​ល្វែង​គឺជា​អំពើ​ខុសច្បាប់

ប្រភព៖ មនសិការខ្មែរ ថ្ងៃ July 3, 2015

១ ២

លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ក្រុង​តាខ្មៅ​និង​តាម​បណ្តា​ស្រុក​នានា​នៃ​ខេត្តកណ្តាល​រិះគន់ថា មិនសូវ​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ឥ​ទ្បូ​វ​នេះ​លោក អ៊ា​វ ចំរើន កំពុង​ប្រឈម​នឹង​ការរិះគន់​ចំពោះ​ករណី​ពុះ​អង្កន់​ច្រៀក​ដី​មាត់​ស្ទឹង​ព្រែក​ត្នោត​ទល់មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ចែកគ្នា​លក់ និង​សាងសង់​ផ្ទះល្វែង​យ៉ាង​អនាធិបតេយ្យ​។  កាល​ជំនាន់​ស្នងការ​ខេត្តកណ្តាល​មុនៗ ពុំមាន​ការ​ពុះ​ច្រៀក​ដី​មាត់​ស្ទឹង​ចែកគ្នា​លក់​ឬ​សាងសង់​ផ្ទះល្វែង​នោះទេ ប៉ុន្តែ​នៅក្នុង​រជ្ជកាល​លោក អ៊ា​វ ចំរើន ធ្វើជា​ស្នងការ​នគរបាល​ខេត្តកណ្តាល ស្រាប់តែ​រូបភាព​បែបនេះ​កើត​ទ្បើង​តែម្តង​។​

មន្ត្រីនគរបាល​តូចតាច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក អ៊ា​វ ចំរើន ទ្បើង​ធ្វើជា​ស្នងការ​នគរបាល​ខេត្តកណ្តាល​រួចមក ស្រាប់តែ​មានការ​ពុះ​ច្រៀក​អង្កន់​ដី​មាត់​ស្ទឹង​ព្រែក​ត្នោត ទល់មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចែកគ្នា​លក់​និង​សាងសង់​ផ្ទះល្វែង​ជា​បន្តបន្ទាប់​។ អ្នក​ដែល​ទទួលបាន​ចំណែក​ដីធ្លី​មាត់​ស្ទឹង​នោះ សុទ្ធតែជា​មន្ត្រីនគរបាល​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក អ៊ា​វ ចំរើន ចំណែក​អ្នក​ដែល​គ្មាន​ទំនាក់ទំនង​ជិត​សិ្ន​ទ្ធ​គឺ​ពុំមាន​ចំណែក​នោះទេ​។ មន្ត្រីនគរបាល​តូចតាច​បាន​រិះគន់ថា​លោក អ៊ា​វ ចំរើន កំពុង​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​នៅក្នុង​ករណី​ពុះ​ច្រៀក​ដី​មាត់​ស្ទឹង​ព្រែក​ត្នោត​ទល់មុខ​ស្នងការដ្ឋាន​ខេត្ត​ចែកគ្នា​លក់​និង​សាងសង់​ផ្ទះល្វែង​។

​ប្រជាពលរដ្ឋ​និង​មន្ត្រីនគរបាល​ក្នុង​ខេត្តកណ្តាល​បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​ជាបន្ទាន់​បំផុត ព្រោះ​ការ​ពុះ​ច្រៀក​អង្កន់​ដី​មាត់​ស្ទឹង​ចែកគ្នា​លក់​និង​សាងសង់​ផ្ទះល្វែង​គឺជា​អំពើ​ខុសច្បាប់​។ ចំណែក​ក្រសួងមហាផ្ទៃ​ក៏​គួរពិនិត្យមើល​អំពើ​ខុសច្បាប់​របស់លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​ជាបន្ទាន់​ផងដែរ ដើម្បី​កុំ​ឲ្យ​លោក អ៊ា​វ ចំរើន ប្រើប្រាស់​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។ ការ​បណ្តែតបណ្តោយ​ឲ្យ​លោក អ៊ា​វ ចំរើន ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​ផងដែរ​៕