មេ​ប៉ុស្តិ៍​ប៉ូលិស​រំលោភ​យក​ដី​អ្នកស្រុក ត្រូវ​បាន​បញ្ឈរជើង

ប្រភព ៖ កោះសន្តិភាព

ខេត្តកំពង់ស្ពឺ ៖ លោក ង៉ែត ចាន់​ដា ហៅ​ឡុ​ង ហ៊ី​ម ដែល​ជា​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ភា​រី​មាន​ជ័យ ត្រូវ​បាន​ថ្នាក់លើ​បញ្ជា​តាម​ឋានានុក្រម​ឱ្យ​ដក​បញ្ឈរជើង បន្ទាប់​ពី​នាយ​ប៉ុស្តិ៍​រូប​នោះ ព្យាយាម​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​ម្តង​ហើយ​ម្តងទៀត​។

តាម​សម្តី​របស់​មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​ពិត​នាយ​ប៉ុស្តិ៍​នគរបាល​ត្រូវ​បាន​យក​ទៅ​បញ្ឈរជើង​នៅ​ស្នង បន្ត​ការ​អាន

Advertisements

កសិករ​ស្រុក​វ៉ារិន​ខេត្ត​សៀមរាប​ព្រួយ​បារម្ភ​ខ្លាច​ទាហាន​ខ្លះ​គំរាម​រំលោភ​យក​ដី​ចម្ការ

ប្រភព៖ វិទ្យុអាសុីសេរី​​ ,ដោយ ហង្ស សាវយុត,2015-10-25
អ្នកភូមិ

ពលរដ្ឋ​មក​ពី​ស្រុក​វ៉ារិន ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ទាហាន​នៃ​កងពលតូច​អន្តរាគមន៍​លេខ​៥ និង​ទាហាន​យោធភូមិភាគ​ទី​៤ លើក​គ្នា​មក​សាលា​ខេត្ត​សៀមរាប ដើម្បី​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៥។ RFA/Hang Savyouth

កសិករ​ជាច្រើន​គ្រួសារ​នៅ​ឃុំ​ស្វាយស និង​ឃុំ​វ៉ារិន នៃ​ស្រុក​វ៉ារិន ខេត្ត​សៀមរាប អំពាវនាវ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​ជាតិ ព្រម​ទាំង​អាជ្ញាធរ​ខេត្ត រូតរះ​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដី​ចម្ការ​ជាច្រើន​ហិកតារ ដែល​ទាហាន​ខ្លះ​មក​ពី​កង​ពល​តូច​លេខ​៤២ កំពុង​គំរាម​កំហែង និង​បណ្ដេញ​ពួក​គេ​ដើម្បី​រំលោភ​យក​ដី​នោះ។

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប បាន​ឆ្លើយ​តប​ជា​បន្ទាន់​ថា គេ​នឹង​បញ្ជូន​អ្នក​ស៊ើប​អង្កេត​ទៅ​កាន់​តំបន់​ទំនាស់​នោះ​ភ្លាម ប្រសិន​បើ​ប្រជា​កសិករ​យល់​ព្រម​ធ្វើ​ពាក្យ​បណ្ដឹង ហើយ​ដាក់​មក​ឲ្យ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល។

ក្រុម​ប្រជា​កសិករ​ជាច្រើន​គ្រួសារ​នៅ​ឃុំ​ស្វាយស និង​ឃុំ​វ៉ារិន ស្រុក​វ៉ារិន ចម្ងាយ​ប្រមាណ​ជាង ១០០​គីឡូ​ម៉ែត្រ​ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដី​ចម្ការ ដែល​ធ្លាប់​តែ​ដាំ​ដុះ​ចិញ្ចឹម​ជីវិត​នៅ​ពេល​ណា​មួយ ដែល​ពួក​គេ​មិន​អាច​តតាំង​ជាមួយ​ទាហាន​ដែល​មាន​អាវុធ ឬ​ក៏​មិន​មាន​ការ​ដោះស្រាយ​ពី​មន្ត្រី​រដ្ឋាភិបាល​ទេ​នោះ។

ការ​សម្ដែង​ក្តី​បារម្ភ​របស់​កសិករ​នេះ កើត​ឡើង​បន្ទាប់​ពី​មាន​ទាហាន​ខ្លះ​នៃ​កង​ពល​តូច​លេខ​៤២ បាន​ប្រើ​អាវុធ​ទៅ​គំរាម​បណ្ដេញ​ពួក​គេ ដើម្បី​យក​ដី​ចម្ការ​ដែល​កំពុង​ដាំ​ដុះ​ជាច្រើន​ហិកតារ​តាំង​តែ​ពី​មុន​ពេល​ ភ្ជុំ​បិណ្ឌ ហើយ​សកម្មភាព​បណ្ដេញ​នេះ​នៅ​តែ​បន្ត​រហូត​មក​ដល់​ពេល​នេះ។

ស្ត្រី​អ្នក​ភូមិ​កំបោរ នៃ​ឃុំ​ស្វាយស ម្នាក់​ក្នុង​ចំណោម​កសិករ​ជាច្រើន​ទៀត​ដែល​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ ដើម្បី​យក​ដី គឺ​អ្នកស្រី ហ៊ឹម តាំងហ៊ុន។ អ្នកស្រី​អះអាង​ថា បច្ចុប្បន្ន​អ្នកស្រី​ខ្លួន​ឯង ព្រម​ទាំង​កូន គឺ​មាន​ដី​ចម្ការ​ប្រមាណ ៩​ហិកតារ​នៅ​ជិត​តំបន់​ច្រាបស្វា ដោយ​ដាំ​ដុះ​ផល​ដំណាំ​ជាច្រើន​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា កន្លង​ទៅ នៅ​ពេល​អ្នកស្រី​នាំ​គ្នា​ទៅ​លះ​សម្អាត​ត្រួយ​ដំឡូងមី គឺ​មាន​ទាហាន​ខ្លះ​នៃ​កង​ពល​តូច​លេខ​៤២ ប្រដាប់​ដោយ​អាវុធ បាន​ចេញ​មុខ​ទៅ​ហាម​ឃាត់ ព្រម​ទាំង​បាញ់​គំរាម​ទៀត​ផង៖ «ម្សិលមិញ​ខ្ញុំ​ នាំ​គ្នា​ទៅ​ត្រួស​តម្រង់​ចុង​ដំឡូង​ឲ្យ​ស្មើៗ​គ្នា​ទៅ ក៏​ទាហាន​មក​គំរាម​ខ្ញុំ​ឲ្យ​ឈប់ ដល់​ពេល​នេះ គេ​បាញ់​កាំភ្លើង​សម្លុត គេ​អាម៉េ​ច្រោកៗ»

ប្រភព​ពី​កសិករ​ជាច្រើន​ដែល​មាន​ដី​ចម្ការ​នៅ​តំបន់​នោះ អះអាង​ថា ទាហាន​ខ្លះ​ដែល​មក​គំរាម និង​ប៉ុនប៉ង​បណ្ដេញ​ដើម្បី​យក​ដី​នោះ ហាក់​ដូចជា​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទេ ពីព្រោះ​គេ​ឃើញ​មាន​ការ​ព្យាយាម​បណ្ដេញ​កសិករ​ដែល​ជា​ម្ចាស់​ចម្ការ ក៏ប៉ុន្តែ​ក្រុម​ទាហាន​នោះ បាន​ហៅ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មក​ពី​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ឲ្យ​ទៅ​ត្រួសត្រាយ​យក​ដី​ទៅ​វិញ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង លោក រស់ រីន នាយ​រង​សេនាធិការ​នៃ​កង​ពល​តូច​លេខ​៤២ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា ដី​ចម្ការ​នៅ​ជិត​តំបន់​ភូមិ​តានៀល និង​ច្រាបស្វា គឺ​មាន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយស និង​ឃុំ​វ៉ារិន ជាង ១០០​គ្រួសារ បាន​ទៅ​កាប់​គាស់​ផ្ទៃ​ដី​ទំហំ​ប្រហែល ៥០០​ហិកតារ ដើម្បី​ដាំ​ដុះ​ដំណាំ​ជាច្រើន​ឆ្នាំ​មក​ហើយ។

មេ​ឃុំ​ស្វាយស លោក លីវ រីណា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​របស់​លោក​បាន​ទៅ​កាប់​គាស់​ដី​ធ្វើ​ចម្ការ​ទីនោះ​ ជា​យូរ​មក​ហើយ ក៏ប៉ុន្តែ​លោក​មិន​ដឹង​ថា តើ​ចំនួន​ពិត​ប៉ុន្មាន​គ្រួសារ​ដែល​មាន​ដី​នៅ​ទីនោះ​ទេ? លោក​មេ​ឃុំ​ស្វាយស សម្ដែង​ការ​ព្រួយ​បារម្ភ​នៅ​ពេល​ដែល​ឮ​ថា ទាហាន​ខ្លះ​ព្យាយាម​រំលោភ​យក​ដី​ចម្ការ​របស់​ប្រជាពលរដ្ឋ៖ «របស់​ប្រជា​ កសិករ​ដែល​ខិតខំ​គាស់​កាយ ដល់​ពេល​ដែល​ទាហាន​មក​យក​អ៊ីចឹង យើង​ព្រួយ​បារម្ភ​ព្រោះ​ថា ប្រទាំង​ប្រទើស​ជាមួយ​កងទ័ព​អ៊ីចេះ​វា​ពិបាក​ដែរ»

មេ​ឃុំ​វ៉ារិន លោក ឆូយ អឿន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ថា ប្រជាពលរដ្ឋ​របស់​លោក​ប្រមាណ ១០០​គ្រួសារ បាន​ចូល​ទៅ​កាប់​គាស់​ដី​ប្រហែល​ជា ៥០០​ហិកតារ នៅ​តំបន់​ជិត​ភូមិ​តានៀល និង​ច្រាបស្វា ដើម្បី​ធ្វើ​ស្រែ​ចម្ការ​ជាច្រើន​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​ទើប​តែ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៥ នេះ ស្រាប់​តែ​មាន​ទាហាន​ខ្លះ​នៃ​កង​ពល​តូច​លេខ​៤២ ចេញ​មុខ​ទៅ​ដណ្ដើម​យក​ដី​ទីនោះ​ដោយ​គេ​អះអាង​ថា គឺ​ជា​ដី​សម្បទាន​សង្គមកិច្ច​ដែល​រដ្ឋាភិបាល​បាន​ចែក​ឲ្យ​ទាហាន​ចូល​ និវត្តន៍។ លោក​មេ​ឃុំ​វ៉ារិន បញ្ជាក់​ថា ពេល​នេះ​លោក​មិន​មាន​ដំណោះស្រាយ​អ្វី ដើម្បី​ជួយ​ប្រជាពលរដ្ឋ ក្រៅ​តែ​ពី​ប្រាប់​កុំ​ឲ្យ​ប្រជា​កសិករ​ចាក​ចេញ​ចោល​ដី​នោះ​ឲ្យ​សោះ៖ «ខ្ញុំ​ប្រាប់​ថា​ទោះ​បី​យ៉ាង​ម៉េច ក៏​ស៊ូ​ទ្រាំ​នៅ​ឲ្យ​បាន បើ​ទោះ​បី​ជា​គេ​ដេញ​យ៉ាង​ណា ក៏​នៅ​ទីនោះ​កុំ​ឲ្យ​ទៅ​ណា​ឲ្យ​សោះ»

នៅ​ថ្ងៃ​ទី​២២ ខែ​តុលា នេះ មាន​ព័ត៌មាន​ថា អាជ្ញាធរ​ស្រុក​វ៉ារិន បាន​រៀបចំ​គណៈកម្មការ​មួយ​ក្រុម​ដើម្បី​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង ដែល​កសិករ​កំពុង​មាន​ទំនាស់​ជាមួយ​ទាហាន​នោះ​ហើយ។

ទោះ​យ៉ាង​ណា អភិបាល​ស្រុក​វ៉ារិន លោក នាក់ ណេរ៉ុន មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា តើ​ពិត​ជា​មាន​គណៈកម្មការ​របស់​ស្រុក ចុះ​ទៅ​ពិនិត្យ​មែន ឬ​ក៏​អត់​ទេ ដោយ​លោក​បែរ​ជា​បញ្ចេញ​កំហឹង​មក​លើ​វិទ្យុ​អាស៊ីសេរី ដែល​សាកសួរ​ព័ត៌មាន​នេះ​ទៅ​វិញ៖ «លោក​ឯង​ផ្សាយ​យ៉ាង​ម៉េច​ក៏​ផ្សាយ​ទៅ ពីព្រោះ​លោក​ឯង​យក​ព័ត៌មាន​ពី​ខ្ញុំ​មិន​ដែល​ផ្សាយ​ការ​ពិត​ពី​ខ្ញុំ​ដែរ ពីព្រោះ​លោក​ឯង​ធ្លាប់​ផ្សាយ​ពន្លើស​កាត់​ពាក្យ​របស់​ខ្ញុំ»

អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប លោក ចៅ ល័ក្ខវណ្ណា មាន​ប្រសាសន៍​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​បាន​ទៅ​ដាំ​ដុះ​លើ​ដី​ទីនោះ​ជាច្រើន​ឆ្នាំ​មក​ហើយ​ មែន មាន​ន័យ​ថា កសិករ​ទាំង​នោះ​មាន​សិទ្ធិ​ជា​ម្ចាស់​ភោគៈ បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ចុះ​បញ្ជី​នៅ​ការិយាល័យ​សុរិយោដី​ក៏ដោយ។ លោក ចៅ ល័ក្ខវណ្ណា បាន​ហៅ​សកម្មភាព​ទាហាន​ខ្លះ​ដែល​ប្រើ​កាំភ្លើង​ទៅ​បាញ់​សម្លុត​ប្រជាពលរដ្ឋ ឲ្យ​ចាក​ចេញ​ដើម្បី​យក​ដី​នោះ គឺ​ជា​អំពើ​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទេ។ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ត្រៀម​ខ្លួន​នឹង​ចុះ​ស៊ើប​អង្កេត​ករណី​ទំនាស់​ដីធ្លី​រវាង​កសិករ​នៅ​ស្រុក​ វ៉ារិន ជាមួយ​នឹង​ទាហាន​ខ្លះ​នៃ​កង​ពល​តូច​លេខ​៤២ នោះ ប្រសិន​បើ​អ្នក​ភូមិ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ដល់​ការិយាល័យ​របស់​អង្គការ៕

អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​បុរី​កីឡា​តវ៉ា​ថ្មី​ទៀត​នៅ​មុខ​សាលា​រាជធានី​ទាមទារ​សំណង​​

ប្រភព៖⁣ VOD វិទ្យុអាសុីសេរី,ដោយ៖​ ណាត សុភាព​ | ថ្ងៃចន្ទ ទី19 តុលា 2015,
តវ៉ា

អ្នក​មាន​ជម្លោះដីធ្លី​នៅបុរី​កីឡា ដែលមក​តវ៉ា​នៅមុខ​សាលារាជធានីភ្នំពេញ កាលពីព្រឹក​មិញ (រូបថត៖ ណាត សុភាព​)​

ប្រជា​សហគមន៍​បុរី​កីឡា​ប្រមូលផ្តុំ​ជាថ្មីទៀតនៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ស្នើឲ្យ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ​សំណង​ឲ្យបាន​ឆាប់ ខណៈ​ពួកគេ​ជួប​បាត់បង់​ទីជម្រក ដោយសារ​ជ្ញាធរ​មូលដ្ឋា​ន​បាន​ចុះ​រុះរើ​ជម្រក​បណ្តោះអាសន្ន​កាល​ពី​មុន​ថ្ងៃបុណ្យ​ភ្ជុំ​។​

​តំណាង​ប្រជា​សហគមន៍​បុរី​កីឡា អ្នកស្រី សោម សុ​ម៉ាលី បាន​រំឭក​ពី​ហេតុការណ៍​នោះ​ថាមន្ត្រីសង្កាត់និង​ខណ្ឌ​មាន​គ្នា​ប្រមាណ​ជិត​៤០​នាក់ បាន​ចុះ​រុះរើ​ផ្ទះ​បណ្តោះអាសន្ន​របស់​គាត់​កាលពី​មុន​ថ្ងៃ​ភ្ជុំ​បិណ្ឌនិង​រឹបអូស​យក សម្ភារៈប្រើប្រាស់​ដូចជា មុង កន្ទេល ភួយ គ្រែ​ដេក និង​សម្ភារៈ​ផ្សេងៗ​ទៀត។ អ្នក​ស្រី​មានប្រសាសន៍ថា​៖ “​ខោអាវ​កូន​ខ្ញុំ គេ​យក​ដោយ​ទាំងអស់ ដល់​ពេល​ខ្ញុំ​ទៅ​សួរ​(​សាលា​)​ខណ្ឌ ខណ្ឌ​ថា​នៅ​សង្កាត់ ទៅ​សួរ​សង្កាត់ សង្កាត់​ថា​នៅ​ខណ្ឌ សួរ​បី​បួន​ប្រាំ​ថ្ងៃ​។ រាល់​ថ្ងៃ​ខ្ញុំ​ពិបាក​ក្នុង​ការ​ស្នាក់នៅ ខ្ញុំ​អង្គុយ​សំកុក​រហូត​ថ្ងៃ​ឡើង​។ យប់​ឡើង​កូន​ខ្ញុំ​ទៅ​សុំ​ផ្ទះ​បងប្អូន​ដេក គ្មាន​កន្លែងដេក​ទេ​”​។​

ប្រជា​សហគមន៍​បុរី​កីឡា​ម្នាក់ទៀត ដែល​ត្រូវបាន​អាជ្ញាធរ​រុះរើ​ផ្ទះ​ដែរ​នោះ អ្នកស្រី ង៉ូវ ណា​រី បាន​សំណូមពរ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ជួយ​អន្តរាគមន៍ ផ្តល់​សម្ភារៈដែល​អាជ្ញាធរ​រឹបអូស​នោះ​ឲ្យ​ពួក​គេ​វិញនិង​ពន្លឿន​ដោះស្រាយ​បញ្ហា​ដីធ្លីនិង​ផ្ទះ​ជូន​ពួកគាត់​ឲ្យបាន​ឆាប់​៖ “​សុំ​ឱ្យ​សាលាក្រុង​(​រាជធានី​ភ្នំពេញ​)​ជួយ​អន្តរាគមន៍​ឲ្យ​អ្នកដែ​ល​រុះផ្ទះ​ខ្ញុំ​ហ្នឹង ពួក​ខណ្ឌ ពួក​សង្កាត់ ឱ្យ​សាលាក្រុង​ធ្វើ​អន្តរាគមន៍​ចេញសង​ឱ្យ​ខ្ញុំ​វិញ ឥ​វ៉ាន់​។ ទី​២ ឱ្យ​គាត់​ដោះស្រាយ​រឿង​ផ្ទះសម្បែង​កុំឱ្យ​គាត់​ភូតកុហក​ទៀត ឱ្យ​គាត់​ដោះស្រាយ​ផ្ទះ​ខ្ញុំ​ឱ្យបាន ព្រោះ​ឈូស​មួយ​លើក​ជា​ពីរ​លើក​ហើយ​។ អ៊ីចឹង​វា​ពីសា​អត់​ទាន់​មាន​ដំណោះស្រាយ​ឱ្យ​ខ្ញុំ​ទេ​”​។​

VOD មិន​អាច​ទាក់​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ​។​
​ទោះជា​យ៉ាងណា បើ​តាម​ពលរដ្ឋគឺ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​សន្យាថានឹង​ដោះស្រាយ​បញ្ហា​នេះ​ឱ្យបាន​ឆាប់និង​អញ្ជើញ​មន្ត្រី​សង្គម​ស៊ីវិល​ជួប​ពិភាក្សា​រក​ដំណោះស្រាយ​នៅ​ថ្ងៃស្អែក​។​

​ប្រធាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ បង្ហាញ​ការសោកស្តាយ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ចុះ​រុះរើ​ផ្ទះ​របស់​​ពលរដ្ឋ​ក្រីក្រ​នៅ​បុរី​កីឡា ខណៈ​សង្គម​ស៊ីវិល​និង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​សហការ​គ្នា​បង្កើត​គណៈកម្មការ​ចំរុះ​ដោះស្រាយ​បញ្ហា​​នេះ​។ លោក​មានប្រសាសន៍ថា​៖ “​ខ្ញុំ​កំពុង​ចរចា​គ្នា ដៃ​មួយ​ចរចា ជើង​មួយ​ជាន់​ជើង​ក្រោម​អ៊ីចឹង យើង​គិតថា​វា​ជា​រឿង​មួយ​ដែល​​រំលោ​ភ​សិទ្ធិ​លំនៅឋាន​ធ្ងន់ធ្ងរ​ហើយ​បាទ គួរ​ដោះស្រាយ​ជូន​គាត់​ឱ្យ​សន្តិវិធី ព្រោះ​យើង​កំពុង​តែ​ព្យាយាម​ដោះស្រាយ​ដោយ​​សន្តិវិធី ហើយ​បែរជា​ទៅ​ប្រើ​អំពើហិង្សា​អ៊ីចឹង ធ្វើឱ្យប៉ះពាល់​ដល់​គណៈកម្មកា​រ​ចម្រុះ​ពី​អង្គការ​សង្គម​ស៊ីវិល ក៏​ដូច​ពី​តំណា​ង​សហគមន៍ និង​តំណាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​ដូចជា​ថ្នាក់​ខណ្ឌ​និង​សង្កាត់និង​ក្រុមហ៊ុន​ផងដែរ​”​។​

គួររំឭកថា ជម្លោះ​ដីធ្លី​នៅ​តំបន់​បុរី​កីឡា​ជាមួយ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច មាន​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ​។ ប៉ុន្តែ​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០​១៥ សាលា​រាជធានី​ភ្នំពេញបាន​ប្រកាស​ពី​លទ្ធផល​នៃ​ដំណោះស្រាយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់ក្នុង​សហ​គមន៍​បុរី​កីឡា ដោយ​បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ប្រជាពលរដ្ឋ​១៥៤​គ្រួសារដែល​ត្រូវ​ទទួលបាន​សំណង​។ យ៉ាងណាក៏ដោយ ប្រជា​សហគមន៍​បុរី​កីឡា​អះអាងថារហូតមកដល់​ពេលនេះ​អាជ្ញាធរ​មិន​ទាន់​រក​ដំណោះស្រាយ​ជូន​ពួក​គេ​នៅឡើយ ប៉ុន្តែ​​អាជ្ញា​ធរ​​បែរ​ជា​ចុះ​រុះរើ​ផ្ទះ​បណ្តោះអាសន្ន​ពួកគេ​ចំនួន​៩​គ្រួសារ កាលពី​មុន​ពេល​ភ្ជុំ​បិណ្ឌ​៕

 

ក្មួយលោក ឈុត វុទ្ធី ចេញមុខការពារដីធ្លីរបស់ពលរដ្ឋ នៅខេត្តកំពត

ប្រភព៖⁣⁣ សារព័ត៌មានភ្នំប៉ុស្តិ៍,September 11, 2015
អ្នកតវ៉ា

លោក ឈើយ ប៊ុនធឿន សមាជិកបណ្តាញយុវជនតាមសាកលវិទ្យាល័យ

លោក ឈើយ ប៊ុនធឿន ជាសមាជិកបណ្តាញ យុវជនតាមសាកលវិទ្យាល័យ នានា និងជាក្មួយប្រុសបង្កើតរបស់លោក ឈុត វុទ្ធី ដែលជា ​សកម្មជន​ ការ​ពារ​ព្រៃឈើយ៉ាងសកម្ម នោះ បានចេញមុខស្ងាត់ៗ ក្នុងការជួយជ្រុំជ្រែង ការពារដីធ្លីរបស់ប្រជាពលរដ្ឋ នៅខេត្តកំពត នៅពេល ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ឡើងមកតវ៉ា នៅទីលានប្រជាធិបតេយ្យ បន្តរដាក់ញិត្តទៅរដ្ឋសភារ និងក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ។

មូលហេតុដែលលោក ឈើយ ប៊ុនធឿន ចូលរួមជាមួយ ប្រជាពលរដ្ឋរងគ្រោះ ដោយសារអាជ្ញាធរ មិនអនុវត្តន៍តាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា​នោះ គឺដោយសារតែ​ពលរដ្ឋ ​ទាំង​នោះ​រងគ្រោះ​យ៉ាង ​អយុត្តិធម៌ ហើយ​លោក​មិនអាចទ្រាំ មើល​ឃើញ​រឿង​អយុត្តិធម៌​នេះ​ កើត​ឡើង​នៅ​ក្នុង​សង្គម​​ត​ទៅ​ទៀត ​នោះ​ឡើយ។ លោកឈើយ ប៊ុនធឿន ក៏​បាន​សិក្សា ​រឿង​ជម្លោះ​ដីធ្លី​នេះ​យ៉ាង ​ស៊ី​ជម្រៅ ហើយលោក ​លើក​ឡើង​ថា ការ​ដែល​​ប្រជាពលរដ្ឋ​លើក​គ្នា ​មក​តវ៉ា​នៅ​ក្រុង​ភ្នំពេញ នេះ គឺ​ដោយសារ​អាជ្ញាធរ​ខេត្ត​កំពត មិន​បាន​អនុវត្ត​ជាក់ស្ដែង ​តាម​អនុក្រឹត្យលេខ២៥៩ អនក្រ/បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ ​របស់​រដ្ឋាភិបាល ​ដែល​ធ្វើ​ប្រទាន កម្ម​កាត់​ដី​ប្រមាណ ១.៣៧៧​ហិកតារ ជូន​ប្រជាពលរដ្ឋ ៨១៦​គ្រួសារ ​ស្រប​ច្បាប់​នៅ​ភូមិ​ តេជោក្បាលដំរី ឃុំ​តេជោអភិវឌ្ឍន៍។ លោក​ថា ជម្លោះ​ដីធ្លី​នេះ ​គឺ​ពលរដ្ឋ​ទទួល​បាន​ភាព ​អយុត្តិធម៌​ធ្ងន់ធ្ងរ ដែល​មិន​អាច​ឱប​ដៃ​ឈរ​មើល​បាន។

​ក្នុងដំណើររឿងជម្លោះ ក៏ចំរូងចំរាស់នេះ ត្រូវបានក្រុម​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​រៀប​រាប់​ថា ពួកគាត់​បាន​ចូល​ទៅ​កាប់​រុករាន​ដី​ព្រៃ​នោះ ដើម្បី​អាស្រ័យ​ផល​ខ្លះ​តាំង​ពី​ឆ្នាំ​១៩៩៩ ខ្លះ​ទៀត​នៅ​ឆ្នាំ​២០០០ រហូត​បង្ក​បង្កើត​បាន​ទៅ​ជា​ភូមិ ឃុំ​រួច​ហើយ តែ​ក្រោយៗ ​មក​អាជ្ញាធរ​ខេត្ត​កំពត បាន​បណ្ដេញ​ពួកគាត់​ដោយ​ហិង្សា​ចេញ​ពី​ទី​នោះ។ ទោះ​បី​ជា​យ៉ាង​ណា ភាព​ក្លាហាន​ប្រឈម​មុខ ​ជាមួយ​អាជ្ញាធរ​នា​គ្រា​នោះ បាន​ធ្វើ​អោយ​ភាព​ចលាចល ​ស្ងប់ស្ងាត់​ទៅ​វិញ។ ​តែ​​ជម្លោះ​ដីធ្លី​នេះ ប្រជាពលរដ្ឋ​អះអាង​ថា ប្រហែល​មិន​ទាន់​សះ​ជា​​​ឡើយ ទើប​នៅ​ថ្ងៃ​ដើម​ខែ​កញ្ញា នេះ អាជ្ញាធរ​ខេត្ត​កំពត ចាប់​ផ្តើម​ចេញ​មុខ​រក​រឿង​ប្រជាពលរដ្ឋ​ជា​ថ្មី។ បញ្ហា​នេះ​ហើយ​ដែល​ ប្រជាពលរដ្ឋ​ស្នើ​អោយ​រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ ជួយ​អន្តរាគមន៍ ​ទៅ​អាជ្ញាធរ​ខេត្ត​កំពត ឲ្យ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ស្របច្បាប់​ជូន​ពួកគាត់ទៅ តាមអនុក្រឹត្យលេខ២៥៩អនក្រ/បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ ចេញដោយប្រមុខរាជរដ្ឋាភិ បាលគឺសម្តេចហ៊ុន សែន និង​បញ្ឈប់​សកម្មភាព​គំរាម​កំហែង ​ត​ទៅ​ទៀត ដើម្បី​ឲ្យ​ពួកគាត់​មាន ​ពេល​រក​ស៊ី​ទទួល​ទាន ខណៈ​ដែល​ការ​ ចិញ្ចឹម​ជីវិត​កំពុង​ជួប​ វិបត្តិ​ធ្ងន់ធ្ងរ​ស្រាប់​ផង​នោះ។

គួររំលឹកផងដែលថា បណ្តាញយុវជន តាមសាកលវិទ្យាល័យ ដែលដឹកនាំដោយ លោក ឈើយ ប៊ុនធឿននេះ ធ្លាប់បានចុះធ្វើកម្មសិក្សាពីរដង ​រួចមក​ហើយ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ ដែលមានសិស្សនិស្សិត នៅតាមបណ្តាល សាកលវិទ្យាល័យនានា ចូលរួមប្រមាណជា៧០០នាក់ ដើម្បី​សិក្សា ស៊ីជម្រៅលើបញ្ហាដីធ្លី នៅក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពតនេះ។ ហើយក៏នាពេលថ្មីៗនេះ ក៏លោកបានដឹកនាំនិស្សិត ៤០០នាក់ចុះ សង្កេត​ការណ៍ម្តងទៀត នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ដើម្បីតាមដាន អាជ្ញាធរអនុវត្តន៍ត្រឹមត្រូវទៅតាមអនុក្រឹត្យលេខ២៥៩អនក្រ/បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ដែរឬទេ?

ក្រោយការតវ៉ា របស់ពលរដ្ឋដែលឡើងមក ពីខេត្តកំពតកាល ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ នាថ្ងៃបន្ទាប់ ទី០៨អាជ្ញាធរ និងកងកម្លាំងចំរុះ បានចាប់ខ្លួន​តំណាងប្រជាពលរដ្ឋដែល បានដឹកនាំការតវ៉ានោះចំនួនពីរនាក់ផងដែរ គឺលោក លី គឹមហៀរ (ហៅ វណ្ណះ) លោក លី គីមធុយ នេះបើតាមការ អះអាងពីគេហទំព័រហ្វេសប៊ុក របស់បណ្តាញយុវជន តាមសាកលវិទ្យាល័យ។

គួររំលឹកបន្តិចថា លោក ឈុត វុទ្ធី  ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែលត្រូវជាពូ បង្កើតរបស់ ឈើយ ប៊ុនធឿន ត្រូវ​បាន​ឃាតករបាញ់​ស្លាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ មេសា ឆ្នាំ២០១២ នៅ​ក្នុង​តំបន់​សាងសង់​ទំនប់​វារីអគ្គិសនី ​ដោយ​ក្រុមហ៊ុន​ចិន នៅ​ក្នុង​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។

សូមបញ្ជាក់ថាលោក ឈុត វុទ្ធី ជា​សកម្មជន​ការ​ពារ​ព្រៃឈើ​ ដែល​តែង​តែ​ចូល​រួម​តវ៉ា ធ្វើ​យុទ្ធនាការ​ការពារ​ព្រៃឈើ និង​ដីធ្លី​របស់​ប្រជាពលរដ្ឋ ​នៅ​តំបន់​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ ក្រចេះ ព្រះវិហារ និង​ខេត្ត​កោះកុង​ជា​ដើម។ លោក ឈុត វុទ្ធី ក៏​ធ្លាប់​បាន​អាជ្ញាធរ​ខេត្ត​ក្រចេះ និង​ខេត្ត​កំពង់ធំ គំរាម និង​ភ្ជង់​កាំភ្លើង​បាញ់​ទារ ​យក​ម៉ាស៊ីន​អារ​ឈើ​វិញ បន្ទាប់​ពី​លោក​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​បង្ក្រាប​បទ​ល្មើស​កាប់​ឈើ​នោះ៕

ប៉ូលិស​ស្រុក​ពោធិ៍រៀង​រង​ការ​ចោទ​ថា​ប្រើ​ដំបង​ឆក់​និង​កាំភ្លើង​គំរាម​ពលរដ្ឋ​រឿង​សង់​ប៉ុស្តិ៍

ប្រភព៖ វិទ្យុអាសុីសេរី ,ដោយ ថា កិត្យា,2015-09-01
ផែនទីខេត្ត

ផែនទី​ខេត្ត​ព្រៃវែង។ Photo: RFA

ប្រជាពលរដ្ឋ​ភូមិ​ត្នោត ចោទ​ប្រកាន់​ប៉ូលិស​នៅ​ឃុំ​កំពង់ឫស្សី ស្រុក​ពោធិ៍រៀង ខេត្ត​ព្រៃវែង ថា​បាន​ប្រើប្រាស់​កាំភ្លើង និង​ដំបង​ឆក់ គំរាម​កំហែង​ពួក​គាត់ និង​រារាំង​មិន​ឲ្យ​ជួប​ជុំ​តវ៉ា​ទាមទារ​យក​ដី​សាលា​ឆទាន ដែល​ប៉ូលិស​កំពុង​យក​ទៅ​សាងសង់​ប៉ុស្តិ៍​រដ្ឋបាល។ ទោះ​ជា​យ៉ាង​ណា ប៉ូលិស​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្នោត ស្ថិត​ក្នុង​ឃុំ​កំពង់ឫស្សី អះអាង​ថា ប៉ុន្មាន​ថ្ងៃ​នេះ ពួក​គាត់​មិន​ហ៊ាន​ជួប​ជុំ​តវ៉ា​ទាមទារ​យក​ដី​សាលា​ឆទាន ដែល​ប៉ូលិស​ដណ្ដើម​យក​សាងសង់​ប៉ុស្តិ៍​រដ្ឋបាល​នោះ​ទេ ដោយ​ហេតុ​ថា មាន​ប៉ូលិស​ជាច្រើន​នាក់​ប្រដាប់​ដោយ​កាំភ្លើង និង​ដំបង​ឆក់ បាន​គំរាម​កំហែង​ពួក​គាត់៖ «ស្ងប់ស្ងាត់​ហ្នឹង គឺ​ដោយសារ​ប៉ូលិស​យក​ខ្នោះ និង​ដំបង​ឆក់ ព្រម​ទាំង​កាំភ្លើង គំរាម​ប្រជាជន តែ​និយាយ​រួម​ទៅ​មិន​មែន​ជា​ការ​គំរាម​កំហែង​ទេ ព្រោះ​ថ្ងៃ​មុន​នេះ គឺ​ឆក់ និង​បាន​វាយ​តប់​ជាមួយ​ប្រជាជន​តែ​ម្តង»

តំណាង​អ្នក​ភូមិ​ដដែល​បញ្ជាក់​ថា ក្នុង​ជម្លោះ​ដណ្ដើម​ដី​សាលា​ឆទាន​ទំហំ​ប្រហែល ៥​អារ រវាង​ប៉ូលិស និង​អ្នក​ភូមិ​នោះ ក៏​បាន​ពើប​ប្រទះ​ភាព​តានតឹង​ដាក់​គ្នា​ម្តង​ដែរ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ដោយ​កាល​ណោះ មាន​អ្នក​ភូមិ ៣​នាក់ ពួក​គាត់​រង​របួស​តិចតួច ដោយសារ​ប៉ូលិស​វាយ និង​ឆក់។

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ អធិការ​ស្រុក​ពោធិ៍រៀង លោក អ៊ុង ផាន លើក​ឡើង​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​និយាយ​មិន​ទៀង​ត្រង់​នោះ​ទេ ហើយ​តាម​ពិត​ទៅ ប៉ូលិស​ដែល​បញ្ជូន​ទៅ​នោះ គឺ​គ្មាន​ការ​គំរាម​កំហែង​នោះ​ទេ ពោល​គឺ​ដើម្បី​ជួយ​កាប់​ដី និង​ជីក​រណ្ដៅ​ប៉ុណ្ណោះ៖ «គាត់​ថា​ធ្វើ​ម៉េច​ឲ្យ​មាន​ច្បាប់ គាត់​ឈប់​រក​រឿង​ហើយ ព្រោះ​ខ្លាច​យើង​លក់​ដី​នោះ ឲ្យ​គេ​បើក​ហ្គារ៉ាស់​សាំង តែ​ដល់​ពេល​យើង​ឲ្យ​ច្បាប់​មើល គាត់​ថា​អត់​ចេះ​អក្សរ ហើយ​ដូចជា​គ្មាន​ប្រើប្រាស់​កាំភ្លើង និង​វាយ​តប់​អី​ទេ»

អ្នក​ភូមិ​រៀបរាប់​ថា ពួក​គាត់​បាន​កាន់​កាប់ និង​សាងសង់​សាលា​ឆទាន​នៅ​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៨៣ ហើយ​នៅ​ឆ្នាំ​១៩៩៧ ប៉ូលិស​បាន​ចូល​ទៅ​សាងសង់​ខ្ទម​តូច​មួយ ដើម្បី​ធ្វើ​ជា​ប៉ុស្តិ៍​រដ្ឋបាល​នៅ​លើ​ដី​នោះ​ដែរ។ ទោះ​បី​ជា​បែប​នេះ​ក្តី អ្នក​ភូមិ និង​ប៉ូលិស​មុនៗ បាន​ជួប​ជុំ​ធ្វើ​បុណ្យ​សប្បាយ​ជាមួយ​គ្នា​រហូត​មក តែ​នៅ​ពេល​ប៉ូលិស​ថ្មី​ចូល​កាន់​កាប់​ទីនោះ ទើប​បញ្ហា​កើត​ឡើង​ជា​បន្តបន្ទាប់ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ បាន​ធ្វើ​បុណ្យ​នៅ​លើ​ដី​សាលា​ឆទាន​នោះ​ដូច​មុន​ទៀត​ឡើយ។

ទាក់ទិន​បញ្ហា​នេះ​ដែរ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ព្រៃវែង លោក ឡុង ប៊ុន្នី មាន​ប្រសាសន៍​ថា លោក​នឹង​ដាក់​លិខិត​មួយ​ច្បាប់​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ដើម្បី​ឲ្យ​ចេញ​បទបញ្ជា​ដក​គម្រោង​សាងសង់​ប៉ុស្តិ៍​រដ្ឋបាល​នោះ​ចេញ​វិញ ដោយ​លើក​គម្រោង​នោះ​ទៅ​សាងសង់​នៅ​លើ​ដី​អាករ​របស់​ឃុំ ដែល​មេ​ឃុំ​ចាស់​បាន​អនុញ្ញាត​កាល​ពី​មុន។ ម្យ៉ាង​វិញ​ទៀត លោក​បញ្ជាក់​ថា ទីតាំង​ដែល​មេ​ឃុំ​ចាស់​បាន​ផ្តល់​ឲ្យ​ប៉ូលិស​សាងសង់​ប៉ុស្តិ៍​រដ្ឋបាល​នោះ គឺ​ស័ក្ដិសម​ជាង​កន្លែង​ដែល​មាន​ការ​ប្រទាញប្រទង់​គ្នា​នា​ពេល​សព្វថ្ងៃ៕

ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់​ធ្វើការ​តវ៉ា​ង​សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហាដីធ្លី​

ដោយ​៖ ភ្នំពេញថ្មី, 25 សីហា 15

​ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់ តំណាង​៣៤៨​គ្រួសារ​បានមក​ធ្វើការ​តវ៉ា​ង​សុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ដី​ដែល​មេទាហាន​រំលោភ​ជូន​ប្រជាពលរដ្ឋ​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ ។

ឈ្មោះ ប៉ៅ យ៉​ន តំណាង​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា ប្រជាពលរដ្ឋ​ចំនួន​៣​ក្រុម​បានមក​ធ្វើការ​តវ៉ា ដោយ​ក្នុងនោះ​ក្រុមទី​១​មាន​ចំនួន​១៦៥​គ្រួសារ ក្រុមទី​២​មាន​ចំនួន​១២៨​គ្រួសារ និង​ក្រុមទី​៣​មាន​ចំនួន​៥៥​គ្រួសារ​មកពី ៩​ភូមិ​ក្នុង​ឃុំ​សំរោង ស្រុក​អូរជ្រៅ បានមក​ធ្វើ​ការតវ៉ា ខណៈដែល​ត្រូវ​ទាហាន​រំលោភ​យក​ដី​អស់​ចំនួន ៤២០០​ហិកតា​តាំងពី​ឆ្នាំ​១៩៩៣ មកម្ល៉េះ ។

ក្នុងនោះ​ឈ្មោះ សាំង សារី តំណាង​ប្រជាពលរដ្ឋ​មួយរូប​ទៀត​បាន​បញ្ជាក់ថា ដីស្រែ​ចំនួន ៤២០០​ហិកតា​ត្រួវបាន​លោក កុយ ចាន់​មុន្នី ជា​អតីត​មេទាហាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ និង​បក្ខពួក​បាន​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​ទាំង​៩​ភូមិ​កាលពី​សម័យ​សង្គ្រាម​រវាង​ទ័ពព្រៃ និង​ទ័ព​រដ្ឋាភិបាល ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ទៅធ្វើ​អ្វី​លើដី​ស្រែ​នោះ ហើយក៏​ត្រូវបាន​មេទាហាន​រូបនោះ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​តែម្ដង បន្ទាប់មក​ក៏បាន​លក់​ដី​នោះ​ឲ្យ​ឈ្មួញ​ដូចជា ១.​ឈ្មោះ យឹម ពិ​សិទ្ធ ២.​ឈ្មោះ អោម ថេ​ង ៣.​ឈ្មោះ ច​យ វ៉ាត ៤.​ឈ្មោះ ឃួន គា ៥.​ឈ្មោះ ថាច់ សម្បត្តិ ៦.​ឈ្មោះ យល់ សំណាង ៧.​ឈ្មោះ ឃុន គិ​ម​ហ៊ាន ៨.​ឈ្មោះ ប៉ុក ឡាយ​ជី​៩.​ឈ្មោះ ស្ងា រ៉ុ​ម​១០.​ស្ងា រោល ១១.​ឈ្មោះ ឈឿ​ក លៀង ១២.​ឈ្មោះ ផង់ ភឿ​យ ១៣.​ឈ្មោះ ជា លន់ ១៤.​ឈ្មោះ ខ្វង គង់ ១៥.​ឈ្មោះ សៅ គ្រី ១៦.​ឈ្មោះ ជិន ជឿន ១៧.​ឈ្មោះ ងួន គឹម​លេង ១៨.​ឈ្មោះ យិន ពិ​សិទ្ធ ១៩.​ឈ្មោះ ឌួង វណ្ឌ​ឌី ២០.​ឈ្មោះ ប៉ក់ ជន ២១.​ឈ្មោះ គឹម ណន ហើយ​ឈ្មួញ​ទាំង ២១​នាក់​នេះ​ជាម​ន្ត្រី និង​កម្លាំងយោធា​ដែល​រស់នៅ​ខេត្តបន្ទាយមានជ័យ ។

តំណាង​ប្រជាពលរដ្ឋ​រូបនោះ​បានបញ្ជាក់​ទៀតថា ក្រោយ​ពេលដែល​ឈ្មោះ កុយ ចាន់​មុន្នី រំលោភ​យក​ដី​លក់​ឲ្យ​ឈ្មួញ​រួច​ហើយក៏​ត្រូវបាន​ដោះស្រាយ​បែងចែក​រវាង​ឈ្មួញ និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ចំនួន​៥០​ភាគរយ​ម្នាក់​កាលពី​ឆ្នាំ​២០០៥ ហើយ​ការបែងចែក​នេះ​គឺ​គ្មាន​ប្រសិទ្ធិភាព​ឡើយ ហើយ​នៅពេលដែល​ប្រជាពលរដ្ឋ​ទៅធ្វើ​លើដី​នោះ​ក៏ត្រូវ​បាន​ឈ្មួញ​ប្តឹងទៅ​តុលាការ​ឲ្យ​ចាប់ខ្លួន​តំណាង​ប្រជាពលរដ្ឋ ២​នាក់ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​ដោះលែង​មកវិញ ហើយ​ក្រោយមកទៀត​ក្រុម​ឈ្មួញ​ទាំងនោះ​ក៏បាន​បាញ់​គម្រាម​ប្រជាពលរដ្ឋ​ថែម​ទៀតផង ហេតុដូចនេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​នាំគ្នា​មក​ធ្វើ​ការតវ៉ា​សុំ​ឲ្យ​អភិបាលខេត្ត​បន្ទាយមានជ័យ​ដោះស្រាយ និង​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ផងដែរ ។

ក្រោយពេល​មានការ​តវ៉ា​នៅមុខ​សាលាខេត្ត​លោក ចុង ផែត អភិបាលរង​ខេត្ត ​និង​លោក លី សារី អភិបាលរង​ខេត្ត​បាន​កោះហៅ​តំណាង​ទាំងនោះ​មកជួប​ប្រជុំ​ដើម្បី​ដោះស្រាយ​ដោយ​ឲ្យ​មន្ត្រី​គណៈកម្មការ​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ដោះស្រាយ​ជូន ៕

art16.1

art16.2

អាដហុក​បង្ហាញ​កង្វល់​ជុំវិញ​ដំណោះស្រាយ​បញ្ហា​ដីធ្លី​របស់​អាជ្ញាធរ​នៅ​​បន្ទាយមានជ័យ

ប្រភព៖ វិទ្យុអាសសុីសេរី ,ដោយ ហ៊ុំ ចំរើន,2015-08-18
អ្នកតវ៉ា

ប្រជាពលរដ្ឋ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​បន្ទាយមានជ័យ សុំ​ឲ្យ​មេបញ្ជាការ​សឹក​រង​ខេត្ត បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​រំលោភ​លើ​ដី​ធ្លី​ពលរដ្ឋ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ Photo Adhoc

និង​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​នេះ​ ថា​មាន​ការ​យឺតយ៉ាវ​ និង​មិន​ដំណើរការ​ទៅ​មុខ។ បញ្ហា​នេះ​ បាន​​​បង្ក​ផល​លំបាក​ជា​ខ្លាំង​​ដល់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ពួកគាត់​ខាតបង់​ទាំង​ទ្រព្យ​ និង​ពេលវេលា​អស់​ជា​ច្រើន​ឆ្នាំ​ ក្នុង​ការ​ស្វែងរក​ដំណោះ​ស្រាយ​​ដោយ​ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ។

ទាំង​ប្រជាពលរដ្ឋ​ និង​មន្ត្រី​អង្គការ​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ អំពាវនាវ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ពាក់ព័ន្ធ​ពន្លឿន​ដោះស្រាយ​ទំនាស់​ដី​ធ្លី​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់ ដើម្បី​ពួកគាត់​យក​ដី​នោះ​ទៅ​ដាំដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ​ក្នុង​រដូវ​វស្សា​នេះ។

ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី​ម្នាក់ ឈ្មោះ ជួន ចេន រស់​នៅ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​ ថ្លែង​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ថា ប្រជាពលរដ្ឋ​រួម​ទាំង​លោក​ផង​ចំនួន ៣១​គ្រួសារ មាន​ទំនាស់​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន ច័ន្ធូ ដែល​មាន​ផ្ទៃដី​ប្រមាណ​ជាង ១០០​ហិកតារ​ នៅ​ចំណុច​ភូមិ​ស្នួលទ្រេត ឃុំ​អូរបីជាន់​ តាំង​ពី​ឆ្នាំ​២០១២ រហូត​មក​ទល់​បច្ចុប្បន្ន អាជ្ញាធរ​ពុំ​ទាន់​ដោះស្រាយ​បាន​នៅ​ឡើយ​ទេ។

លោក ជួន ចេន៖ «គេ​អត់​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ទេ មាន​ទំនាស់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ខ្ញុំ​មាន​មាន​ដី​តែ​បន្តិចបន្តួច​នេះ​ឯង គឺ​គ្រួសារ​ខ្លះ ២​ហិកតារ​ ខ្លះ​ក៏ ៣ ខ្លះ​ក៏ ៥​ហិកតារ សម្រាប់​ដាំដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ»

ស្រដៀង​គ្នា​នេះ​ដែរ​ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ឃុំ​អូរបីជាន់ ដែរ គឺ​លោក សៀន វី ថ្លែង​ថា គ្រួសារ​របស់​លោក រួម​ទាំង​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ចំនួន ៧១​គ្រួសារ​ មាន​ទំនាស់​ដីធ្លី​ជាមួយ​ភរិយា​លោក​ ឧបនាយក​រដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ភរិយា​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី យឹម ឆៃលី និង​មន្ត្រី​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ផ្ទៃដី​ទំហំ​ប្រមាណ ២០០​ហិកតារ​ នៅ​ចំណុច​ភូមិ​សុរិយា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ តាំង​ពី​ឆ្នាំ​២០១៣ រហូត​មក។

លោក​អះអាង​ថា​ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​តាំង​ពី​ថ្នាក់​ស្រុក​រហូត​ដល់​អភិបាល​ខេត្ត តែ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ៖«អាជ្ញាធរ​នៅ​ខេត្ត​បន្ទាយមានជ័យ គាត់​ដូច​ជា​មិន​ជួយ​ដោះស្រាយ​​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទេ។ អាជ្ញាធរ​ច្រើន​តែ​និយាយ​មក​លើ​ពួក​ខ្ញុំ​ថា ពួក​នេះ​បើ​ចាញ់​បាន​លុយ បើ​ឈ្នះ​បាន​ដី​ទៅ​វិញ តាម​ពិត​ទៅ​ពួក​ខ្ញុំ​គ្មាន​បាន​ផលប្រយោជន៍​អី​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក គោ ស៊ុំសារឿត ធ្លាប់​មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​ដោះស្រាយ​ដីធ្លី​នៅ​សណ្ឋាគារ​ព្រះចន្ទ កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា ថា បញ្ហា​ទំនាស់​ដីធ្លី​​ក្នុង​ខេត្ត​បន្ទាយមានជ័យ ​ភាគ​ច្រើន​ជា​រឿង​សាំញ៉ាំ​ដែល​ត្រូវ​ចំណាយ​ពេល​វេលា​មួយ​រយៈ​​ក្នុង​ការ​ដោះស្រាយ ហើយ​​ថា​ អាជ្ញាធរ​ខេត្ត​​កំពុង​ញាប់ដៃញាប់ជើង ដោះស្រាយ​ជូន​​ប្រជាពលរដ្ឋ​ហើយ៖ «យើង​នឹង​ខិតខំ​ធ្វើ​ការងារ​នេះ ដើម្បី​ផ្ដល់​យុត្តិធម៌​សង្គម​ឲ្យ​បាន​ល្អ​ ដោយ​មិន​គិត​ថា អ្នក​នោះ​មាន​លុយ​មាន​អំណាច​ត្រូវ​តែ​ឈ្នះ​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​ដោះស្រាយ​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​ជា​ធំ»

ទោះ​យ៉ាង​នេះ​ក្ដី​មន្ត្រី​សម្របសម្រួល សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ចន្ទគា មាន​​ប្រសាសន៍​ថា​ ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​របស់​​ប្រជាពលរដ្ឋ​ពី​សំណាក់​ខេត្ត​បន្ទាយមានជ័យ​​ នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ មាន​ការ​យឺតយ៉ាវ​ហាក់​​មិន​ដំណើរការ​ទៅ​មុន​ទេ។

លោក​អះអាង​ថា​ អាជ្ញាធរ​ធ្វើ​ការ​ដោះស្រាយ​នៅ​ពេល​ណា​ដែល​ប្រជាពលរដ្ឋ​មាន​ការ​តវ៉ា ដើម្បី​បញ្ចៀស​បញ្ហា​​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ៖ «អាជ្ញាធរ​មិន​ត្រូវ​បង្កើត​គណៈកម្មការ​គ្រាន់​តែ​ដោះស្រាយ​កុំ​អ្នក​ដែល​ប្ដឹង​ផ្ដល់​​តវ៉ា​នោះ​ទេ។ ម្យ៉ាង​ទៀត​យើង​សង្កេត​ឃើញ​ថា ការ​ដោះស្រាយ​​របស់​អាជ្ញាធរ​កន្លង​មក មិន​ចំ​តាម​យន្តការ​នៃ​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​​នោះ​ទេ»

​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ទូទាំង​ខេត្ត​ដែល​មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ ប្រមាណ ២០០​ករណី។ លោក ស៊ុំ ចន្ទគា ពន្យល់​ថា​ បញ្ហា​ទំនាស់​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ អាច​នឹង​ផ្ទុះ​ឡើង​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ណា​មួយ​ ប្រសិន​បើ​អាជ្ញាធរ​ពុំ​បាន​​ដោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ទាន់​ពេល​នោះ៕