សង្គម​ស៊ីវិល បណ្ដាញ​យុវជន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​យុទ្ធនាការ​ជួយ​សេរីភាព​សារព័ត៌មាន

ប្រភព ៖ វិទ្យុអាស៊ីសេរី

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បណ្ដាញ​យុវជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​នាំ​គ្នា​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​លើ​បណ្ដាញ​សង្គម ឲ្យ​ជួយ​សង្គ្រោះ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​រដ្ឋាភិបាល​ព្រមាន​បិទ និង​ការ​បិទ​អាជីវកម្ម​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​ផ្សាយ​ព័ត៌មាន​បន្ត​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) អាស៊ីសេរី (RFA) និង​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD)។ បន្ត​ការ​អាន

Advertisements

រដ្ឋាភិបាល៖ ការ​គាប​សង្កត់​សេរីភាព​សារព័ត៌មានមិន​គ្រោះ​ថ្នាក់​ដូច​ព័ត៌មាន​មិន​ពិត

ប្រភព ៖ VOD

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​បង្ហាញក្តី​បារម្ភ​របស់​ខ្លួន​ថា​ សេរីភាព​សារព័ត៌មាន​ដែល​ច្រើន​លើស​លប់​ពេក​អាច​បណ្តាល​ឲ្យ​មាន​ព័ត៌មាន​មិន​ពិត​ច្រើន​ ដោយ​ថាពេល​ខ្លះ​ការ​​រិត​ត្បិត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​គឺវា​មិន​គ្រោះ​ថ្នាក់ ដូច​ព័ត៌មាន​មិន​ពិតដែល​បាន​ផ្សាយ​ចេញ​នោះ​ទេ។

រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បាន​សំដែង​ក្តីបារម្ភ​របស់​ខ្លួន​នៅព្រឹក​ថ្ងៃ​ទី០​៣ ខែឧសភា ឆ្នាំ២០១៧ ចំ​ទិវា​សិទ្ធិ​​សេរីភាព​សារព័ត៌មាន​ពិភព​លោក​ឆ្នាំ​២០១៧​នេះ​ថា កាលណា​សេរីភាពសារព័ត៌មាន​ច្រើន​លើស​លប់​ពេក​អាចបណ្តាលឲ្យ​មានព័ត៌មាន​មិន​ពិត​ច្រើន​ចូល​លាយ​ឡំ ដែល​ចូល​មក​​បំផ្លាញ​ការ​គិត​របស់​ប្រជា​ពល​រដ្ឋ ហើយ​ធ្វើ​ឲ្យពល​រដ្ឋ​​មួយ​ចំនួន​គិត​ថា​អ្នកសារព័ត៌មាន​គឺ​សុទ្ធ​តែ​ជា​មនុស្ស​អាក្រក់​ទាំងអស់ ដែល​​លោក​ថា​នៅពេល​នោះ​ហើយ​សំណេរ​របស់​អ្នក​សារព័ត៌មា​ន​មិន​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ ហើយ​សង្គម​នឹង​កើត​មាន​បញ្ហា​ជាច្រើន។

លោក​ថា៖ «ដូច្នេះ​បន្តិច​ម្តងៗ​ អ្នក​កាសែត​យើង​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់ យើ​ង​និយាយ​ស្អីគឺគេ​លែង​ជឿរ​។ អញ្ចឹង​គេ​យក​តែ​ក្រុម​គ្នា​គេ​មក​និយាយតែ​រឿង​ខ្លី​ៗធ្វើ​ឲ្យ​គេ​ពេញ​ចិត្ត​ព្រៀត! នេះ​ជា​ការ​បារម្ភ​របស់​ខ្ញុំ​ច្រើន​ជាការ​គៀប​សង្កត់ លើ​សេរីភាព​សារព័ត៌មាន ហើយ​វា​គ្រោះ​ថ្នាក់​ជា​ការ​គំរាម​កំហែង​លើ​អាយុជិវិត​អ្នក​ការ​សែត​ទៅ​ទៀត ពីព្រោះ​នៅ​ពេល​ណា​អ្នក​កាសែត​បាត់​សំឡេង​ហើយ​ ពេល​នោះ​សង្គម​មួយនោះ​នឹង​ប្រែ​ប្រួល​ច្រើន​ណាស់ ក្រឡាប់​ចាក់​ច្រើន​ណាស់»។

លោក​បាន​​ជម្រុញ​ទៅ​ដល់​ស្ថាប័នពាក់​ព័ន្ធ​ ជា​ពិសេស​អ្នក​សារព័ត៌មាន​ទាំង​អស់​គិតពី​បញ្ហា​នេះឡើង​វិញ និង​ចូលរួម​ក្នុង​ការលុប​បំបាត់​ព័ត៌មាន​ណា​ដែល​មិន​ពិត​ទាំង​អស់​នេះ​ចេញ។

មន្ត្រី​គម្រោង​ថ្នាក់​ជាតិរបស់​អង្គការ​យូណេស្កូលោក ឆាយ សុផល ថានៅពេល​ដែល​សង្គម​មួយ​មាន​សេរីភាព​សារព័ត៌មាន​ច្រើន និងឆាប់​ទៅ​ដល់​ពល​រដ្ឋពេក​​​ ព័ត៌មាន​មិន​ពិត​អាច​ជ្រៀត​ចូល​ទៅ​បំផ្លាញ​ការ​គិត​ពលរ​ដ្ឋ​បាន ហើយ​ការ​ចែក​ចាយ​បន្តនូវ​ព័ត៌មាន​មិន​ពិត​នេះ​វាជា​គ្រោះ​ថ្នាក់​ដល់​អ្នក​ដដែល​ទទួល​ព័ត៌មាន​ទាំង​នេះ និង​សង្គម​ផង​ដែរ។

លោកថា៖ «អញ្ចឹង​នៅពេលព័ត៌មាន​មួយ​ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម វា​ធ្វើ​ឲ្យ​លឿន​យក​តែ​មែន​ទែន​ហើយ​ប្រជាពល​រដ្ឋ​​មួយ​ចំនួន​ដែល​យើង​ដឹង​ហើយ គាត់​មិន​បាន​ដឹង​ថា​ព័ត៌មាន​នោះ​មក​ពី​ប្រភព​ណា គឺ​ធ្វើ​ឲ្យ​គាត់​ជឿ​ឆាប់​ជឿ​ដូច្នេះ​នៅពេល​ដែល​គាត់​ឆាប់​ជឿ គាត់​នឹង​ចែក​បន្ត​ទៅ​ទៀត​មិន​ដឹង​ថា​នេះ​ពិតឬ​មិន​ពិត​ នេះ​ជា​ចំណុច​អវិជ្ជមានសម្បើមណាស់។ ហើយ​សម្រាប់​យើង​ជា​អ្នក​សារព័ត៌មាន​អាជីព វា​ជា​ចំណុចល្អ​ដែល​នៅពេល​ដែល​ដំណឹង​នោះ​ទទួល​បាន​ភ្លាម​អញ្ចឹង​យើង​គួរ​តែ​ទទួល​បាន​នូវ​ដំណឹងនោះ ដូច​ជា​ប្រភព​យើង​មួយ​អញ្ចឹង​ ប្រសិន​ជា​យើង​ធ្វើ​ការ​តាម​ដាន ប្រសិន​បើ​វាមិន​ពិត​យើង​ក៏​ផ្សាយ​ថា​វា​មិន​ពិត​ ហើយ​បើ​ពិត​យើង​គួរ​ផ្សាយ​តាម​ជំនាញ​របស់​យើង»។ ​​​​

តំណាង​ឲ្យ​ប្រទេស​ដែល​មាន​ច្បាប់​ស្តីពី​សេរីភាព​​សារព័ត៌មានជាង​២៥០​ឆ្នាំ​មក​ហើយ និងជា​ប្រទេស​ដែល​ជាប់​លេខ​ពីរ​លើ​ការ​វាយ​តម្លៃ​ពី​សេរីភាព​សារព័ត៌មាន​ពិភព​លោកឆ្នាំ​២០១៧ ឯក​អគ្គរដ្ឋ​ទូ​ត​ប្រទេស​​​​ស៊ុយ​អែត​​ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី ម៉េរី សារជេន (Maria Sargren) មានប្រសាសន៍​ថា​ប្រទេស​អ្នក​ស្រី​ឲ្យ​តម្លៃ​ទៅ​លើ​សេរីភាព​នៃ​សារព័ត៌មាន ហើយ​ក៏​ដោយ​សារ​សារព័ត៌មាននេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ប្រទេស​អ្នក​ស្រី​រីក​ចំរើន​ដូច​សព្វ​ថ្ងៃ។ ដោយ​ឡែក​សម្រាប់​ប្រទេស​​កម្ពុជា​វិញ​​លោ​​កស្រី​មើល​ឃើញ​ថា​ ខណៈដែល​ការ​ផ្សព្វផ្សាយ​តា​ម​ប្រព័ន្ធ​អ៊ិ​ន​ធើណែ​ត​នៅ​ប្រទេស​​នេះ​មាន​ការ​រីកចំរើន​នោះ លោ​ក​ស្រី​ឃើញ​ថាគួរតែ​មាន​ការ​លើក​ទឹក​ចិត្តបន្ថែម​ តែលោក​ស្រី​​ថា​ត្រូវ​ស្ថិត​នៅ​ក្នុង​រង្វង់​ច្បាប់ និង​ក្រម​សីល​ធម៌។

តាមរយៈអ្នក​បកប្រែលោកស្រីថា៖ «ពេល​បច្ចុប្បន្ន​នេះ​មាន​ប្រជាជន​កាន់​តែច្រើន​ឡើង​អាច​បញ្ចេញ​នូវ​គំនិត​របស់ខ្លួន ដូច្នេះ​ទំនង​យើង​នឹង​អាច​ឃើញ​មាន​អ្នក​សារព័ត៌មាន​ជា​ប្រជា​ពល​រដ្ឋ​ធម្មតា បន្ថែម​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំខាង​មុខ​នេះ នេះ​គឺ​ជា​និន្នាការ​ដែល​ផ្តល់​ឲ្យការ​រាយការណ៍ព័ត៌មាន​នេះ កាន់តែទៅគៀក​ទៅ​នឹង​អ្នក​ដែល​រង​ផល​ប៉ះពាល់ ក៏​ដូច​ជា​បង្កើន​នូវ​បរិយាកាស​ប្រជា​ធិបតេយ្យ​ច្រើន​ជា​ង​មុន ក៏​ប៉ុន្តែ​ច្បាប់​(កម្ពុជា​) នៅ​មិន​ទាន់​តាម​ទាន់​យន្ត​ការ​នេះ​ឡើយ ដូច្នេះ​ហើយ​ទើប​កើត​មាន​ការ​ញុះ​ញង់​តាម​អ៊ិន​ធើ​ណែត។ … ក៏​ប៉ុន្តែ​មា​ន​ចំណុច​សំខាន់​មួយ​ដែល​អ្នក​សារព័ត៌មាន​មិន​ថា​ពួកគេ​ប្រើ​ប្រាស់​ប្រព័ន្ធ​មួយ​ណា​នោះ​ទេគឺ​ថា​ពួកគេ​ត្រូវ​តែ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ត្រឹម​ត្រូវ រាយការណ៍​ឲ្យ​បាន​ត្រឹមត្រូវ​ និង​រាយការណ៍​ឲ្យ​មាន​តុល្យភាព»។

របាយការណ៍​របស់​អង្គការ​អ្នក​កាសែតគ្មានព្រំដែនបាន​ឲ្យ​ដឹង​ថា​សេរីភាពសារព័ត៌មាន​នៅ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣២ លើ១៨០ ដែល​ចំណាត់​នេះ​បើ​ធៀប​ទៅ​នឹង​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​គឺ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​។

ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​លើ​គេ​នៃ​សេរីភាព​សារព័ត៌មាន​នៅ​ឆ្នាំ​នេះ​មាន ប្រទេស​ ណែវេស ស៊ុយ​អែត និង​ហ្វាំងឡង់ ខណៈប្រទេស​ដែល​ជាប់ចំណាត់​ថ្នាក់​ក្រោម​គេ​បង្អស់​គឺ​ប្រទេស​កូរ៉េខាង​ជើង៕

រដ្ឋាភិបាលកម្ពុជាកំពុងរិតត្បិតសារព័ត៌មានឯករាជ្យកាន់តែខ្លាំង

ប្រភព ៖ VOD

របាយការណ៍របស់អង្គការអ្នករាយការណ៍គ្មានពំ្រដែន (Reporters without Borders) បង្ហាញថារដ្ឋាភិបាលកម្ពុជាបានព្យាយាមរិតត្បិតសារព័ត៌មានឯករាជ្យកាន់តែខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

របាយការណ៍របស់អ្នករាយការណ៍គ្មានពំ្រដែនស្ដីពី«សន្ទស្សន៍សេរីភាពសារព័ត៌មាន»  ចេញផ្សាយថ្ងៃពុធទី២៦ខែមេសាឆ្នាំ២០១៧ បានចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានរបស់កម្ពុជាថា កាន់តែអាក្រក់ ដោយអង្គការនេះរកឃើញថា កម្ពុជាបានធ្លាក់ចុះ៤ចំណាត់ថ្នាក់ ពីលេខ១២៨នៅឆ្នាំ២០១៦ មកលេខ១៣២នៅឆ្នាំ២០១៧។

បើតាមរបាយការណ៍នេះ អ្នករាយការណ៍គ្មានពំ្រដែនសង្កេតឃើញថាចាប់ពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជាបានរិតត្បិតសេរីភាពសារព័ត៌មានឯករាជ្យកាន់តែខ្លាំងតាមរយៈការចោទអ្នកសារព័ត៌មានទាំងនោះពីបទ «បរិហារកេរ្ដិ៍» និងញុះញង់បង្ខូចកេរ្ដិ៍ឈ្មោះរដ្ឋាភិបាលជាដើម។

អ្នករាយការណ៍គ្មានពំ្រដែនអះអាងថា ការគាបសង្កត់លើបណ្ដាញសារព័ត៌មានឯករាជ្យនៅកម្ពុជាមានសភាពកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីមានករណីឃាតកម្មបាញ់សម្លាប់អ្នកវិភាគបញ្ហាសង្គមលោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

បើតាមរបាយការណ៍ដដែលនេះ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកមានប្រទេសចំនួន២ទទួលបានចំណាត់ថ្នាក់អាក្រក់ជាងគេខាងរិតត្បិតសេរីភាពសារព័ត៌មាន គឺចិនជាប់លេខ១៧៦ និងវៀតណាមជាប់លេខ១៧៥។ ចំណែកហ្វីលីពីនជាប់លេខ១២៧ ប៉ាគីស្ថានលេខ១៣៩ កូរ៉េខាងជើងលេខ១៨០ និងឡាវលេខ១៧០។ចំពោះតំបន់ដែលមានចំណាត់ថ្នាក់ល្អជាងគេនៅឆ្នាំ២០១៧ គឺសហភាពអឺរ៉ុប និងបាល់កង់(លេខ១) អាមេរិក(លេខ២) និងតំបន់អាហ្វ្រិក(លេខ៣)។

បើប្រៀបធៀបនឹងឆ្នាំ២០១៦ កម្ពុជាឈរនៅលេខរៀង១២៨ ពោលគឺល្អជាងប្រទេសឥណ្ឌូនេស៊ីដែលទទួលចំណាត់ថ្នាក់១៣០ ថៃ(១៣៦) មីយ៉ាន់ម៉ា(១៤៣) ហ្វីលីពីន(១៣៨) ម៉ាឡេស៊ី(១៤៦) សិង្ហបុរី (១៥៤) និងព្រុយនេ(១៥៥) ឡាវ(១៧៣) និងវៀតណាម(១៧៥)។ ចំណែកប្រទេសដែលទទួលបានចំណាត់ថ្នាក់ល្អជាងគេនៅឆ្នាំ២០១៦ មានប្រទេសហ្វាំងឡង់ ហូឡង់ និងន័រវ៉េ៕

ទូត​អាមេរិក​ចេញ​មុខ​រិះគន់​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល

ប្រភព៖ បុស្តិ៍ខ្មែរ Tue, 19 May 2015

ភ្នំពេញៈ ក្នុង​អត្ថបទ​មួយ ដែល​បាន​ចេញ​ផ្សាយ កាលពី​ថ្ងៃ​អាទិត្យ លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ពិចារណា​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ច្បាប់​ថ្មី​ដ៏ចម្រូងចម្រាស ដែល​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល សហជីព​កម្មករ និង​អ៊ីនធឺណិត ហើយ​តំណាង​សង្គម​ស៊ីវិល​ស្វាគមន៍​មតិយោបល់​របស់​ឯកអគ្គរដ្ឋទូត​រូប​នេះ​។

ដោយ​សរសេរ​អត្ថបទ​នេះ ក្នុង​អំឡុង​ពេល​បំពេញ​បេសកកម្ម​ពាណិជ្ជកម្ម ទៅ​សហរដ្ឋ​អាមេរិក លោក William E. Todd បាន​បង្ហាញពី​ភាព​រីករាយ ចំពោះ​ការ​ចាប់​អារម្មណ៍​ដែល​លោក​បាន​ជួប​ប្រទះ​នៅ​កម្ពុជា ពី​មនុស្ស​​ និង​អាជីវកម្ម​ ប៉ុន្តែ​​លោក​បាន​ព្រមាន​ថា​៖ «​ការ​ទាញ​ប្រយោជន៍​​ពី​ការ​ចាប់​អារម្មណ៍​នេះ កម្ពុជា​ត្រូវ​បង្ហាញ​មុខមាត់ ដែល​ទាក់ទាញ​ការ​វិនិយោគ​បរទេស បច្ចេកវិទ្យា និង​ធនធាន​មនុស្ស»។

លោក​បាន​ព្រមាន​​ថា «​មុខមាត់​កម្ពុជា​​រង​ផលប៉ះពាល់​» ដោយ​ច្បាប់​ដ៏ចម្រូងចម្រាស ដែល​បច្ចុប្បន្ន កំពុង​ព្រាង ដែល​រួម​បញ្ចូល​សេចក្តី​ព្រាង​ច្បាប់​​​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ច្បាប់​សហជីព។

លោក Todd បាន​គាំទ្រ​ «ការ​អំពាវនាវ​ឲ្យ​មាន​សកម្មភាព» ​ពី​​សម្ព័ន្ធ Community of Democracies ដែល​មាន ២៧ ប្រទេស ​ដែល​បាន​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចេញ​ផ្សាយ​ច្បាប់​ចម្លង​នៃ​ច្បាប់​ ​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ស្នើ​ឡើង ហើយ​​អនុវត្ត​ឆ្លង​កាត់​ការ​ពិគ្រោះ​យោបល់​ហ្មត់ចត់​ជាមួយ​សង្គម​ស៊ីវិល។

លោក​បាន​សរសេរ​ថា​៖ «ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ជំហាន​បន្ទាប់ វា​ជា​ការ​សំខាន់​​ត្រូវ​យល់​ដឹង​ថា ពិភពលោក​កំពុង​ឃ្លាំមើល​»។

ការ​អំពាវនាវ​​នេះ​​បាន​ធ្វើ​ឡើង បន្ទាប់ពី​ភាព​ចម្រូងចម្រាស​ច្រើន​ឆ្នាំ​​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ហើយ​រយៈពេល​តិច​ជាង ២ សប្តាហ៍ បន្ទាប់ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ចំនួន ២៧២ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ គម្រោង​អនុម័ត​ច្បាប់​ការងារ​ភ្លាមៗ ដោយ​ភ័យខ្លាច​ថា សេរីភាព​ធ្វើ​ចលនា​របស់​​អង្គការ​​នឹង​ត្រូវ​បាន​រឹតត្បិត។

ថ្លែង​កាលពី​ម្សិលមិញ ក្រុម​សិទិ្ធ​មនុស្ស​ក្នុង​ស្រុក​បាន​ស្វាគមន៍​សារ​របស់​លោក Todd។

លោក Stella Anastasia ជំនួយការ​បច្ចេកទេស​នៃ​សមាគម អាដហុក បាន​ថ្លែង​ថា៖ «​សំឡេង​ទាំងអស់​ក្នុង​ចលនា​នេះ មាន​សារៈ​សំខាន់។ ​យើង​សង្ឃឹម​ថា ការ​ចាប់​អារម្មណ៍​ជា​អន្តរជាតិ​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ឆ្ពោះ​ទៅ​ទិសដៅ​ ត្រឹមត្រូវ​មួយ»។

សារ​នោះ​បាន​គាំទ្រ​ដោយ​លោកស្រី ស៊ិន ពុទ្ធារី ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​គណៈកម្មាធិការ​សហប្រតិបតិ្តការ​ដើម្បី​កម្ពុជា ដែល​ទាមទារ​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់ ប្រកប​ដោយ​អត្ថន័យ ជាមួយ​នឹង​សង្គម​ស៊ីវិល។ ​ទន្ទឹម​នឹង​នេះ អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស ដែល​បាន​ចេញ​ផ្សាយ​នូវ​ការ​បដិសេធ​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ អង្គការ​មិនមែន​រដ្ឋាភិបាល កាលពី​ខែ​មុន បាន​គូស​បញ្ជាក់​ពី​ភាព​ភ័យខ្លាច ដែល​បន្ត​មាន​ជុំវិញ​ច្បាប់​នេះ។

លោក Phil Robertson ​នាយករង​ផ្នែក​អាស៊ី បាន​ថ្លែង​ថា៖ «​សេចក្តី​ព្រាង​ច្បាប់​ទាំងអស់ មាន​បញ្ញតិ្ត​​បញ្ហា និង​រំលោភ​សិទិ្ធ​ដែល​ធ្វើឲ្យ​មាន​ចំណោទ​បញ្ហា​ថា តើ​ច្បាប់​ទាំងនេះ​គួរ​ត្រូវ​បាន​អនុម័ត​ ឬ​យ៉ាង​ណា?»។

កាលពី​ខែ​មេសា​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​អាច​ត្រូវ​បាន​អនុម័ត​នៅ​ខែ​នេះ​។

ថ្លែង​កាលពី​ម្សិលមិញ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ទទូច​ថា សេចក្តី​ព្រាងច្បាប់​ថ្មី​បំផុត​នឹង​ផ្តល់​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល ប៉ុន្តែ​ត្រូវតែ​ពិនិត្យ​ដោយ​ទីស្តីការ​គណៈរដ្ឋមន្រ្តី និង​ឯកភាព​ដោយ​លោក​នាយករដ្ឋមន្រ្តី​ជា​មុន​សិន។ លោក​​បញ្ជាក់​ថា៖ «​នៅពេល​ក្លាយ​ជា​សេចក្តី​ព្រាង​ច្បាប់​ផ្លូវការ ត្រូវ​ទៅ​រដ្ឋសភា បន្ទាប់មក​នឹង​មាន​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​នឹង​អង្គការ​មិនមែន​ រដ្ឋាភិបាល​»។

លោក ស៊ីផាន ក៏​បាន​ការពារ​​ច្បាប់​ឧក្រិដ្ឋកម្ម​លើ​អ៊ីនធឺណិត ផង​ដែរ​ដោយ​លោក​បាន​​ទទូច​ថា វា​​នឹង​ធ្វើ​ឲ្យ​ច្បាប់​កម្ពុជា​ទាន់​ច្បាប់​​នៅ​ប្រទេស​ដទៃ​ទៀត​នៅលើ​ ពិភពលោក។ លោក​បាន​ថ្លែង​បញ្ជាក់​​ទៀត​ថា៖ «​ច្បាប់​នេះ​មាន​គោលដៅ​លើ​ហេកឃ័រ មិន​មែន​សំដៅ​លើ​សេរីភាព​បញ្ចេញ​មតិ​ទេ។ នៅ​សហរដ្ឋអាមេរិក ក៏​មាន​ច្បាប់​នេះ​រួច​ហើយ​ដែរ»៕